ក្រសួងមហាផ្ទៃ ៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ។

ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ដោយក្រុមការងារបច្ចេកទេស បានរៀបចំកែសម្រួលទម្រង់ផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបំពាក់ សម្រាប់បម្រើការងារនៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មីផងដែរ។

ស្របជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេស ក៏បានលើកឡើង អំពីការត្រៀមខ្លួន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួនឱ្យទាន់សភាពការណ៍វិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលនៃយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសនៃក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងរៀបចំកែសម្រួលបំពេញបន្ថែម ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លងកាត់កិច្ចប្រជុំពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់បំផុត។ ទន្ទឹមនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជំរុញដល់ក្រុមការងារឱ្យបន្តធ្វើការសហការឱ្យបានជិតស្និតបន្ថែមទៀត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់សម្រាប់មន្រ្តីបច្ចេកទេសមានទិសដៅក្នុងការអនុវត្តការងារជូនក្រសួងមហាផ្ទៃ សម្រេចបានភាពជោគជ័យកាន់តែខ្ពស់បន្ថែមទៀត។

ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមការងារ ឱ្យខិតខំអនុវត្តតួនាទីភារកិច្ច និងបំពេញការងារដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៣ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner