ស្តេចបាល់ទាត់ប្រេស៊ីល Pele ទទួលមរណភាពហើយ ក្នុងវ័យ៨២ឆ្នាំ
សៅ ប៉ូឡូ៖ លោក Pele ជាកីឡាករបាល់ទាត់មួយរូបមានសញ្ជាតិប្រេស៊ីល ដែលបានងើបពីភាពក្រីក្រដោយជើងទទេរ ដើម្បីក្លាយជាអត្តពលិកដ៏អស្ចារ្យនិងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូនេះ (ម៉ោងក្នុងតំបន់) ក្នុងអាយុ ៨២ឆ្នាំ។
មន្ទីរពេទ្យ Albert Einstein នៃរដ្ឋ Sao Paulo ជាកន្លែងដែលលោក Pele កំពុងទទួលការព្យាបាលជំងឺ បាននិយាយថា គាត់បានស្លាប់នៅវេលាម៉ោង ៣និង២៧នាទីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែការខូចខាតសរីរាង្គជាច្រើន ដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ ដែលទាក់ទងនឹងស្ថានភាពសុខភាពពីមុនរបស់គាត់។
ជាមួយគ្នានេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក ចែរ បូលសូណារ៉ូ ដែលចេញពីតំណែងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pele គឺជា “ពលរដ្ឋដ៏អស្ចារ្យ និងជាអ្នកស្នេហាជាតិមួយរូប ដែលបានលើកស្ទួយកេត្តិ៍ឈ្មោះប្រទេសប្រេស៊ីលគ្រប់ទីកន្លែងដែលគាត់បានទៅ។
សូមរម្លឹកផងដែរថា ស្តេចបាល់ទាត់ប្រេស៊ីល លោក Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele បានឈ្នះពានរង្វាន់ World Cup ចំនួនបីដង, ជើងឯកលីគប្រេស៊ីលចំនួន៦ដង ហើយត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតតែម្នាក់គត់ក្នុងវិស័យកីឡាបាល់ទាត់៕ ប្រភព៖ CNA ដោយ៖ បុត្រា

