អ.ស.ប៖ មនុស្សប្រមាណ ៣ម៉ឺននាក់បង្ខំចិត្តភៀសខ្លួននៅស៊ូដង់ខាងត្បូង ចំពេលមានការប៉ះទង្គិចគ្នា
ចូបា៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា មនុស្សប្រហែល ៣០,០០០នាក់បានផ្លាស់ទីលំនៅរបស់ពួកគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅក្នុងតំបន់រដ្ឋបាល ហ្គ្រេតធឺ ភីប៊ឺរ (Greater Pibor)។
អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌សម្រាប់ប្រទេសស៊ូដង់ខាងត្បូង លោកស្រី Sara Beysolow Nyanti បាននិយាយថា ការវាយប្រហារដោយយុវជនប្រដាប់អាវុធមកពីរដ្ឋ Jonglei កាលពីថ្ងៃទី២៤ ខែធ្នូ ទៅលើសហគមន៍នៃតំបន់រដ្ឋបាល Greater Pibor បណ្តាលឱ្យមានការវាយឆ្មក់គោក្របី បំផ្លាញទ្រព្យសម្បត្តិ និងការផ្លាស់ទីលំនៅរបស់មនុស្សប្រមាណ ៥,០០០នាក់ រួមទាំងស្ត្រី និងកុមារដែលបានភៀសខ្លួនទៅទីប្រជុំជន Pibor ចេញពីតំបន់ជម្លោះនៃតំបន់ Gumuruk និង Lekuangole។
លោកស្រី Nyanti បានសង្កត់ធ្ងន់ថា សហគមន៍មនុស្សធម៌ទាំងមូលបានអំពាវនាវឱ្យគ្រប់ភាគីប្រដាប់អាវុធ បញ្ឈប់ជាបន្ទាន់នូវអរិភាព, គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជីវិតជនស៊ីវិល និងបុគ្គលិកមនុស្សធម៌។ និទណ្ឌភាព គឺជាកត្តាបន្ត និងជាឫសគល់នៃជម្លោះ និងអសន្តិសុខ ដែលត្រូវតែមានការទទួលខុសត្រូវ។
ទន្ទឹមគ្នា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្យាករថា មនុស្ស ៩.៤លាននាក់នឹងត្រូវការជំនួយ ហើយនឹងការការពារមនុស្សធម៌ ខណៈដែលមនុស្ស ២.៨លាននាក់ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវអំពើហិង្សាលើរាងកាយ រួមទាំងការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្អែកលើយេនឌ័រ ហើយនឹងត្រូវការជំនួយការពារនៅឆ្នាំក្រោយ។ ចំណែកមនុស្សជាង ២.២លាននាក់មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ បុត្រា

