សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់រង្វាន់ម៉ូតូជាង ១១១គ្រឿងដល់សិស្សានុសិស្សនិទ្ទេសA នៅខេត្ដសៀមរាប ឆ្នាំ២០២៣
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់រង្វាន់ម៉ូតូចំនួន ១១១គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ១១១នាក់ នៅមណ្ឌលខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក។
ទន្ទឹមនឹងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសAចំនួន ១១១នាក់នេះ ជាមោទនភាពមួយរបស់ខេត្តសៀមរាប ហើយសម្ដេចពិជ័យសេនាប្រកាសបន្តចែកជូនរង្វាន់ម៉ូតូដល់សិស្សានុសិស្ស ដែលប្រឡងបាក់ឌុបជាប់បាននិទ្ទេសA នៅឆ្នាំក្រោយៗបន្តទៀត ។
ម្ដេចបានបន្តថា ការប្រលងជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទនភាពមួយ ដែលខេត្តសៀមរាបមានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ។ ភាពរីកចំរើននៃចំណេះដឹងនេះ គឺដោយសារប្រទេសជាតិមានសុខសន្ដិភាព។ សម្ដេចបានណែនាំឲ្យសិស្សានុសិស្សយកចិត្តសិក្សារៀនសូត្រឱ្យបានជាប់ជាប្រចាំក្នុងនាមជាយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលរួមបំរើការងារក្នុងសង្គមជាតិ ។
សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យ អប់រំ ឲ្យកាន់តែខ្ពស់ និងចូលរួមលើកកំពស់សុខុមាលភាពផងដែរ ដោយបន្ដអនុវត្ដវិធានការ ៣ការពារ ៣កុំ ជាប្រចាំតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។
គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២១.២០២២នេះ ដែលមានសិស្សប្រឡងសរុបចំនួន ១០ពាន់៣៧៤នាក់ ស្រី៥ពាន់៩៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣ពាន់២៣៤នាក់ ស្រី ២ពាន់៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧ពាន់១៤០នាក់ ស្រី៣ពាន់៨៨០នាក់ ជាលទ្ធផលទូទាំងខេត្តជាប់និទ្ទេសA បានចំនួន ១១១នាក់៕ ដោយ ស៊ាន សុផាត



