អភិបាលខេត្តកំពង់ស្ពឺ ៖ រយៈពេល ៤៤ឆ្នាំនៃសុខសន្តិភាព បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរនិងស៊ីវិល័យ

ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តពោធិល្យំ ហៅវត្តស្លាបលែង និងចែកអំណោយដល់គ្រួសារងាយរងគ្រោះចំនួន ៥០០គ្រួសារ នៅឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា កម្ពុជាទទួលបានសុខសន្តិភាពពេញលេញអស់រយៈពេលប្រមាណជា ៤៤ឆ្នាំមកហើយ។ រយៈពេល ៤៤ឆ្នាំនៃសុខសន្តិភាពនេះ បានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរនិងស៊ីវិល័យ។

ឯកឧត្តម វ៉ី សំណាង បន្តថា ដោយសារតែកត្តានៃការរីកចម្រើនបែបនេះហើយ ទើបធ្វើឱ្យគេមើលឃើញថា សន្តិភាពគឺជាកត្តាកំណត់លើការអភិឌ្ឍន៍ ការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជនខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្រោមដំបូលនៃសន្តិភាពនិងស្ថេរភាពនយោបាយពេញលេញ ប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមនាក្នុងសង្គមជាតិមួយដែលកំពុងដំណើរអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្របានដើរទន្ទឹមគ្នា ហើយសមិទ្ធិផលតាមទីអារាមនានាជាច្រើនត្រូវបានកសាងឡើងនិងកំពុងបន្តរីកលូតលាស់ជាបន្តបន្ទាប់ ៕ ម៉ុន សំអាត

ads banner