កម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នានិងកម្មវិធីចែករំលែកក្តីស្រឡាញ់ របស់ក្លឹបបាលទាត់វិសាខា” នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅទីលានស្មៅសិប្បនិម្មិតមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាវិទ្យាល័យហ៊ុន សែន ខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ មករា ២០២៣ មានរៀបចំកម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នា និងកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបបាលទាត់វិសាខា” ក៏បានធ្វើឡើងដែរនៅខេត្តបន្ទាយមានជ័យ ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតី និងកាចូលរួមពី លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកសូរ មុនីរ័តន៍ អនុប្រធានក្លឹបកីឡាបាល់ទាត់វិសាខា លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ។

កញ្ញាអ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លឹបកីឡាបាល់ទាត់វិសខាបានឱ្យដឹងថា ក្លឹបដែលបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមការផ្តួចផ្តើមរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាមួយនេះ មានសកម្មភាព ស្នាដៃ សមិទ្ធផលយ៉ាងច្រើន ឆ្នើម ប្រសើរឡើងជាលំដាប់ ។

កញ្ញាបន្តថា ចំណែករដូវកាលចុងក្រោយ នាឆ្នាំ២០២២ ក្លឹបបានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមឈុតធំបន្ទាប់ពីការដណ្តើមបានជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ហើយបានក្លាយជាក្លឹបដំបូងដែលបានគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ៣រដូវកាលជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០២០,២០២១ និង២០២២ ។

សរុបមក ៧ឆ្នាំមកនេះ ក្លឹបបាល់ទាត់វិសាខា បានកកើត អភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងធនធានមនុស្ស។ ហើយបច្ចុប្បន្នក្លឹប
ក៏បាននឹងកំពុងសម្រួចការរៀបចំយ៉ាងល្អដើម្បីបន្តប្រកួតប្រជែងក្នុងរដូវកាលថ្មី ពិសេសអភិវឌ្ឍន៍ធនធានយុវជន ក្រុមបាល់ទាត់នារី ក្រុមឈុតធំ ដើម្បីរួមចំណែកធ្វើអោយវិស័យកីឡាបាល់ទាត់ជាតិកាន់តែរីកចម្រើននិងឆ្ពោះទៅរកភាពស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិផងដែរ ។

តមក គ្រូបង្វឹកនិងក្រុមកីឡាករ ក្រុមបង្វឹកថ្មីបានធ្វើសកម្មភាពហ្វឹកហាត់ សមប្រកួតនិងធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបកីឡាបាល់ទាត់វិសាខា ជាមួយគណ:អធិបតី ភ្ញៀវ និងទស្សនិកជន (គ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុន សែនខ្លាកូន) រាប់រយនាក់ ៕

ដោយ៖​ ឃិន គន្ធា

ads banner