ទេសរដ្ឋមន្ត្រី លី ធុជ៖ ភូមិចំនួន៤ ក្នុងស្រុកគងពិសីត្រូវបានប្រកាសជាភូមិគ្មានមីន
កំពង់ស្ពឺ៖ កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយសារភ្លើងសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សមកហើយ។ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបាននៅសេសសល់កប់ក្នុងដី ហើយតែងតែបង្កជាហានិភ័យដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។
ជាមួយគ្នានោះខេត្តកំពង់ស្ពឺ ក៏ជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធអូសបម្លាយជាច្រើនឆ្នាំផងដែរ។ស្រុកមួយចំនួនត្រូវបានបន្សល់នូវកាកសំណល់សង្គ្រាម ហើយកាកសំណល់ទាំងនោះតែងតែយាយីអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ក្នុងពិធីប្រកាសភូមិគ្មានមីនចំនួន៤ភូមិក្នុងស្រុកគងពិសី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម លី ធុជ បានបន្ថែមថាក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជ រដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយ ប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ។ តាមរយៈសមត្ថភាពរបស់បងប្អូន កម្ពុជាក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធ។
ជាមួយគ្នានេះទេសរដ្ឋមន្ត្រីឯកឧត្តម លី ធុជ មានសុទិដ្ឋិនិយមថា ឆ្ពោះទៅមុខ ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់មីនឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឱ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈនិងស្មារតីដល់អាជ្ញាធរមីន ដើម្បីអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ។
យោងតាមរបាយការណ៍របស់រដ្ឋាបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាខេត្តមាន៨ក្រុង-ស្រុក មានចំការមីនចំនួន៥៥៦ចំការលើផ្ទៃដីជិត៦៧លានម៉ែត្រការ៉េ។ជាលទ្ធផលនៃការបោសសំអាតមីនដែលត្រូវប្រកាសជាភូមិគ្មានមីនមានភូមិបេង ក្នុងឃុំស្តុក និងភូមិត្រពាំងថ្ម ភូមិរលាំងទឹក ភូមិអង្គដូនតីក្នុងឃុំស្រង់ក្នុងស្រុកគង់ពិសី៕
ដោយ ៖ ម៉ុន សំអាត