សិក្ខាសាលា ”ការវាយតម្លៃ” រយៈ ៣ថ្ងៃបានបញ្រ្ជាបចំណេះដឹងកាន់តែទូលំទូលាយអំពីការវិវឌ្ឍន៍ខ្លួនពីវិទ្យាស្ថានក្លាយជាគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ លោក នេត ពៅ នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡានៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់សិក្ខាសាលា ”ការវាយតម្លៃ” រយៈពេល៣ថ្ងៃដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជ្រាបចំណេះដឹងកាន់តែទូលំទូលាយដល់សិក្ខាកាមដែលជាមន្រ្តី និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាស្តីអំពីតួនាទីភារៈកិច្ចនៃការអនុវត្តក្នុងគ្រឹះស្ថានជាតិឧត្តមសិក្សាដែលវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាគ្រោងប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ ។

នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលរូបនេះ បានគូសបញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃនៃដំណើរការសិក្ខាសាលា ”ការវាយតម្លៃ” នេះ សិក្ខាកាមទាំងអស់បានរៀនសូត្រអំពីប្រព័ន្ធផ្លូវច្បាប់ដើម្បីក្លាយខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សា ហើយក៏បានយល់ដឹងអំពីស្តង់ដារទាំង៩ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីអាចវាយតម្លៃលើកិច្ចការរដ្ឋបាលនិងកិច្ចការងារផ្សេងៗឆ្ពោះទៅរកគុណភាពនៃគ្រឹះស្ថានឧត្ដមសិក្សា។

ឯកឧត្តម ប៉ែន ស៊ីថុល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា បានលើកឡើងថា ទោះបីជាពេលនេះ ការវាយតម្លៃពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជានៅមិនទាន់គ្រប់លក្ខណៈសម្បត្តិនៅឡើយក្តី តែជឿជាក់ថា តាមរយៈការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ក្នុងការបណ្តុះបណ្តាលមន្រ្តី និងគ្រូឧទ្ទេសយ៉ាងយូរ២ឆ្នាំទៀតប៉ុណ្ណោះ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នឹងមានលទ្ធភាពគ្រប់គ្រាន់ប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានជាតិអប់រំកាយនិងកីឡាប្រកបដោយគុណភាពក្នុងការបណ្តុះបណ្តាលគរុនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានលើកទឹកចិត្តឲ្យមន្រ្តីនិងគ្រូឧទ្ទេសជាសិក្ខាកាមដែលបានចូលរួមក្នុងការបំពាក់បំប៉នពីសំណាក់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សូមយកទៅអនុវត្ត និងចែករំលែកផ្លាស់ប្តូរបទពិសោធ ដើម្បីរួមគ្នាឈានទៅសម្រេចគោលដៅប្រែក្លាយពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញសមត្ថភាពប្រកបដោយស្តង់ដារបណ្តុះបណ្តាលគរុនិសិ្សតកីឡាថ្នាក់បរិញ្ញាបត្រ។

សូមបញ្ជាក់ថា សិក្ខាសាលា”ការវាយតម្លៃ”ដែលរៀបចំដោយអង្គការក្រៅបេះដូងមាសរយៈពេល៣ថ្ងៃកន្លងមកនេះមានមន្រ្តីនិងគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចូលរួមចំនួន៣៧រូប ហើយសិក្ខាកាមត្រូវបានវាយតម្លៃថា បានយល់ដឹងច្រើនជុំវិញ អំពីស្តង់ដារទាំង៩ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងកិច្ចការរដ្ឋបាលសម្រាប់គ្រឹះស្ថានឧត្តមសិក្សា៕ រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner