ក្រុមកីឡាករថៃធ្វើដំណើរជិត១ពាន់គីឡូម៉ែត្រ ស្កាត់មកប្រកួតរថយន្ត Off Road នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ រថយន្តរបស់ក្រុមកីឡាករថៃចំនួន២គ្រឿងបានធ្វើដំណើរស្កាត់ចូលមកប្រទេសកម្ពុជា ក្នុងរយៈចម្ងាយជិត១ពាន់គីឡូម៉ែត្រ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ជាមួយក្រុមកីឡាករកម្ពុជាជាច្រើនទៀត នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះ បានឈានដល់ថ្ងៃទី២ហើយ ដែលត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបើកដំណើរការនៅថ្ងៃទី១៣ ខែមករា ម្សិលមិញ អមជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាកជាផ្លូវការ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតរថយន្ត Off Road បានឱ្យដឹងថា កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road នេះត្រូវបានបែងចែកជា៣ក្រុម ឬ 3 Class មានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ ហៅថា Hard Core ឬ Class A មានរថយន្តកម្ពុជាចំនួន២៧គ្រឿង និងរថយន្តថៃចំនួន២គ្រឿង, ក្រុមទី២ ហៅថា Light Core ឬ Class B មានរថយន្តកម្ពុជាចំនួន១៥គ្រឿង និងវៀតណាមចំនួន១គ្រឿង, ក្រុមទី៣ ហៅថា Overland ឬ Class C មានរថយន្តកម្ពុជាចំនួន២២គ្រឿង។

ជាអ្នកបើកបររថយន្តលេខ១១៦ លោក Praseth ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករថៃដទៃ បានថ្លែងប្រាប់អ្នកព័ត៌មានថា លោកបានធ្វើដំណើរពីខេត្តត្រាច ប្រទេសថៃ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ដោយឈប់សម្រាក១យប់នៅខេត្តកំពង់ចាម មុនបន្តដំណើរមកដល់ខេត្តមណ្ឌលគិរី ពោលគឺចំណាយពេល២ថ្ងៃ១យប់។

ក្នុងវ័យ៦១ឆ្នាំទៅហើយនោះ លោក Praseth នៅតែមានឆន្ទៈចូលរួមប្រកួតយ៉ាងស្វាហាប់ លោកមើលឃើញនូវការរៀបចំទីលានប្រណាំង១២ម៉ូទ័រផាកនេះ គឺពិតជាស័ក្តិសមសម្រាប់កីឡាប្រណាំងយានយន្ត ក្នុងនោះមានដូចជាផ្លូវកាច់កោង គ្រហក ជ្រលង ចម្រាក់ថ្ម ដែលកីឡាករប្រកួតមិនងាយនឹងបើកបរឆ្លងកាត់ស្រួលនោះទេ។

កីឡារថៃចាស់វស្សាខាងប្រកួតរថយន្តឆ្លងកាត់ឧបសគ្គរូបនេះ ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងក្នុងការមកចូលរួមប្រកួតជាមួយកីឡាករដទៃនៅប្រទេសកម្ពុជា ដោយបានបង្កប់នូវការស្រលាញ់រាប់អានដល់ក្រុមលោកដែលជាកីឡាករមកពីបរទេស។

ជាកីឡាករថៃបើកបររថយន្តលេខ១១១ លោក Puwadon ក៏បានរួមដំណើរជាមួយលោក Praseth ដើម្បីមកចូលរួមប្រកួតរថយន្ត Off Road នេះដែរ។ លោក Puwadon ពេញចិត្តចំពោះការរៀបចំការប្រកួតនៅទីលានរបស់កម្ពុជានេះ ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមពីការប្រជែងជាមួយកីឡាកររបស់កម្ពុជា នៅលើសមរភូមិវាលភក់និងខ្ពង់រាប។

អាចនិយាយភាសាខ្មែរបានខ្លះ កីឡាករថៃ Puwadon ចង់ឱ្យវិស័យកីឡាប្រណាំងរថយន្តមានការរីកចម្រើនឈានឡើង ទាំងនៅលើទឹកដីកម្ពុជា និងទឹកដីថៃ ដើម្បីបង្កើននូវមិត្តភាព ភាតរភាព និងជួយឱ្យការរៀបចំប្រកួត និងការចូលរួមប្រកួតកាន់តែត្រឹមត្រូវតាមបច្ចេកទេស។

គួរជម្រាបថា រថយន្តរបស់កីឡាករថៃទាំង២គ្រឿងនេះគឺសុទ្ធតែបានចូលរួមក្នុងការប្រកួតនៅ Class A ឬ Hard Core ដែលជា Class ឆ្លងកាត់ឧបសគ្គលំបាកជាងគេបំផុតក្នុងចំណោម Class ទាំង៣។

លោក វង្ស គឹមហួត ជាកីឡាករខ្មែរ១រូបបើកបររថយន្តលេខ១១០ នៅក្នុង Class A បានបង្ហាញគោលបំណងចង់ឱ្យការប្រណាំងរថយន្តរវាងកម្ពុជាជាមួយបណ្ដាប្រទេសជិតខាង កាន់តែត្រូវបានបង្កើននូវការចូលរួមទៅវិញទៅមក ទោះបីក្នុងចំនួនតិចតួចក្ដី។ ជាក់ស្ដែងដូចជាការរៀបចំប្រកួតលើកនេះ គឺមានការចូលរួមពីកីឡករចម្រុះជនជាតិ ដូចជា កម្ពុជា ថៃ វៀតណាម និងជនជាតិដទៃទៀតជាដើម។

លោក វង្ស គឹមហួត ដែលជាកីឡាករកម្ពុជាធ្លាប់ចូលរួមប្រកួតនៅបរទេសច្រើនដងដែរនោះ បានមើលឃើញពីចលនានៃការចូលរួមរបស់កីឡាករថ្មីៗរបស់កម្ពុជាក្នុងការប្រកួតនេះ ដែលនឹងអាចជំរុញដល់វិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជាកាន់តែផុសផុល ខណៈទីលាន១២ម៉ូទ័រផាកនេះគឺមានសមត្ថភាពរៀបចំដូចទៅនឹងទីលាននៅប្រទេសថៃ និងប្រទេសដទៃទៀតដែរ។

គួរជម្រាបថា ចំពោះការប្រកួតរថយន្ត Off Road ទាំង៣ Class នេះ គឺនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះហើយ ខណៈម្ចាស់ជ័យលាភីនឹងទទួលបានមេដាយអនុស្សាវរីយ៍ និងប្រាក់រង្វាន់មួយចំនួនទៀតពីទីលាន១២ម៉ូទ័រផាក ក៏ដូចជាលោក ទៀ សាយ៉ាម ប្រធានមហាគ្រួសាររថយន្ត Off Road កម្ពុជា ព្រមទាំងគណៈកម្មការរៀបចំការប្រកួតផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner