ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយ នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំ នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) កាលពីថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតាឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ នៅក្នុងការអនុវត្តគម្រោងទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងនិងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តម ក៏បានស្នើឱ្យមានការសិក្សាពីការដាក់បញ្ចូលគ្នារវាងការទទួលបានកម្ចីនិងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។

សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner