រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង អះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម អះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទំនាក់ទំនង ពិសេសវិស័យសេដ្ឋកិច្ច ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមភាគី លោក លឺ ក្វាងងឺយ ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង អះអាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សានិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម កាលពីថ្ងៃទី១៨ ខែមករា នៅសាលាខេត្តវិញឡុង ប្រទេសវៀតណាម ។

ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនាលើកនេះ ក៏ជាមោទនភាពមួយដែលប្រទេសយើងទាំងពីរបានងើបចេញផុតពីវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ឈានទៅបើកប្រទេសនិងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏ល្អប្រសើរ ដោយសារនយោបាយគ្រប់គ្រងជម្ងឺកូវីដ១៩ របស់រដ្ឋាភិបាលប្រទេសទាំងពីរមានប្រសិទ្ធភាពខ្ពស់និងការចាក់វ៉ាក់សាំងបង្ការជម្ងឺនេះដល់ប្រជាពលរដ្ឋសម្រេចបានតាមផែនការ ។

ឯកឧត្តមអ៊ុ រាត្រី ក៏ដូចឯកឧត្តមលោកលឺ ក្វាងងឺយ បានប្តេជ្ញាថា នឹងបន្តពូនជ្រុំចំណងមិត្តភាព ភាតរ:ភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នាដែលបានចុះហត្ថលេខាលើកទី១ កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១២ និងលើកទី២ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧កន្លងមក ហើយគ្រោងបន្ត ៥ឆ្នាំទៀត ។

គណៈប្រតិភូ ក៏បានបន្តទស្សនកិច្ចស្វែងយល់ ពីការប្រកបរបរលើកកម្ពស់និងធ្វើឱ្យជីវភាពរបស់ប្រជាជនបានធូរធារឡើងជាលំដាប់នូវការដាំបន្លែសាលាដសង នៅសហគមន៍មួយក្នុងក្រុងប៊ិនមិន ទីរួមខេត្តវិញឡុង និងទស្សនកិច្ចស្វែងយល់សង្វាក់ផលិតកម្មនៅរោងចក្រផលិតមីឆ្អិនស្រាប់ នៃក្រុមហ៊ុនអេស៊ីឃុក វៀតណាម(ACECOOK ,Vietnam )ដែលជាក្រុមហ៊ុនឯកជនជប៉ុននៅវៀតណាម ស្ថិតនៅទីរួមខេត្ត ដែលផ្តល់ការងារដល់បុគ្គលិក កម្មករចំនួន ៨០០នាក់ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចខេត្តល្អប្រសើរ ៕
ដោយ ៖ ឃិន គន្ធា

ads banner