សម្ដេចក្រឡាហោម ស ខេង ប្រកាសផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ ៖ ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការពង្រីកវិសាលភាព និងកម្រិតគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ដ្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈអនុគ្រោះអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានផងដែរ
។

សម្ដេចក្រឡាហោម បន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ (UNICEF) តែងតែផ្ដល់ការគាំទ្រ ទាំងធនធានថវិកា និងបច្ចេកទេស ក្នុងការចូលរួមសម្រេចនូវទិសដៅកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព សុខមាភាពរបស់ប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋភិបាលកម្ពុជា ។ ជាក់ស្តែងឆ្នាំ២០២៣ កម្ពុជា ត្រូវរៀបចំការបោះឆ្នោតជាតិលើកទី០៧ និងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសង្គម ដែលមានសន្ដិសុខ និងសុវត្ថិភាពល្អប្រសើរ ជាមួយនឹងការជំរុញរៀបចំនូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យនៅតាមមូលដ្ឋានានាឱ្យបានល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់មុខមាត់ កិតិ្តយស សេចក្ដីថ្លៃថ្នូរ របស់ប្រទេសជាតិ ៕ ដោយ-រ៉ាវុធ


