កម្ពុជា និងឡាវ ប្តេជ្ញារពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ លើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ:នៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគយនៃប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ
កម្ពុជា និងឡាវ ក្នុងការបង្កើនបាននូវប្រសិទ្ធភាពលើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់ ។

ក្រៅពីការដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគយនៃប្រទេសឡាវ ដឹកនាំដោយលោកអគ្គនាយករង Saymanolinh SINBANDHIT ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ក៏ទទួលដំណើរទស្សរបស់លោក Micheal Cymbalista លោក Joel Carruthers តំណាងកងកម្លាំងការពារព្រំដែនប្រទេសអូស្ត្រាលី (ABF) ដែលជាសមត្ថកិច្ចគយអូស្ត្រាលី ព្រមទាំងលោកស្រី Nuttha Ummarakoon តំណាងអង្គការ United Nations Office on Drugs and Crime (UNODC) ដែលបានអញ្ជើញមកជាមួយគណៈប្រតិភូគយនៃប្រទេសឡាវផងដែរ ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងផ្តល់ឱកាសឱ្យរដ្ឋបាលគយប្រទេសឡាវសិក្សាស្វែងយល់អំពីបទពិសោធន៍ជោគជ័យរបស់រដ្ឋបាលគយកម្ពុជាក្នុងការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតែន័រ (UNODC-WCO Container Control Programme-CCP) ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបចំពោះការកើតឡើងនូវបញ្ហាផ្សេងៗពាក់ព័ន្ធសន្តិសុខនៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសកលលោក។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា៖«តាមរយៈយន្តការនេះ ប្រទេសសមាជិក បង្កើនបាននូវប្រសិទ្ធភាពលើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់ ជាពិសេសពាណិជ្ជកម្មទំនិញយុទ្ធសាស្ត្រ ការចរាចរណ៍គ្រឿងញៀននិងសារធាតុញៀន ការគេចពន្ធ ការបន្លំពន្ធ និងសកម្មភាពភេរវកម្មផ្សេងៗ»។

នៅក្នុងកំឡុងទស្សនកិច្ចនេះ គណៈប្រតិភូ បានទៅទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យកុងតែន័រ (CCU) នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយបានសិក្សាស្វែងយល់អំពីនីតិវិធីបញ្ចេញទំនិញពីគយ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធ E-Customs និងនីតិវិធីអនុវត្តន៍ការងាររបស់ CCU ព្រមទាំងបានចុះទៅពិនិត្យឧបករណ៍ត្រួតពិនិត្យគយ, ម៉ាស៊ីនស្កែនកុងតែន័រ, ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម, ទីលានត្រួតពិនិត្យទំនិញ, និងទីលានកុងតែន័រនិងចំណតនាវា។

គណៈប្រតិភូទាំងអស់ ក៏បានបន្តទៅធ្វើទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) នៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ដោយបានស្វែងយល់អំពីដំណើរការបង្កើត និងប្រតិបត្តិការប្រចាំថ្ងៃរបស់ ACCU ដែលមានដូចជាការវិភាគហានិភ័យទំនិញ ការជ្រើសរើសទំនិញសម្រាប់ត្រួតពិនិត្យរូបវន្ត និងបានចុះទៅពិនិត្យឃ្លាំងទំនិញ និងឧបករណ៍បំពាក់សម្រាប់មន្ត្រី ACCU ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបានសិក្សាលើការងារវិភាគហានិភ័យចំពោះនិវេទនប័ណ្ណ
អញ្ញត្តប័ណ្ណ កំណត់ត្រាផ្សេងៗ និងរបាយការណ៍ទំនិញហានិភ័យដែលត្រូវបានជ្រើសរើសដើម្បីត្រួតពិនិត្យ។

ក្នុងឱកាសនោះ លោក Saymanolinh SINBANDHIT ប្រធានគណៈប្រតិភូគយប្រទេសឡាវ បានថ្លែងថា ជាការគួរឱ្យកោតសរសើរណាស់ ដែលរដ្ឋបាលគយកម្ពុជា អាចរៀបចំបង្កើត និងអនុវត្តកម្មវិធី CCP ទទួលបានលទ្ធផលប្រកបដោយជោគជ័យនាពេលកន្លងមក។

លោកបន្តថា៖« ប្រទេសទាំងពីរ កម្ពុជា និងឡាវ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃរដ្ឋបាលគយទាំងពីរ ដែលបានអាក់ខានចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺ Covid-19»។
ជាមួយគ្នានោះដែរ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តជួបពិភាក្សាជាមួយលោក Micheal Cymbalista និងលោក Joel Carruthers ដោយឡែក អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលគយប្រទេសអូស្ត្រាលី ជាមួយ អគរ និងការសហការទទួលរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់តំបន់ ក្រោមគម្រោងជំនួយរបស់រដ្ឋបាលគយអូស្ត្រាលី នាពេលខាងមុខ៕
ដោយ:វណ្ណ សុជាតា

ads banner