សម្តេចតេជោ ហ៊ុន សែន លើកឡើងពីភាពខុសគ្នានៃការធ្វើបដិវត្តន៍ របស់ប្រទេសជាច្រើននៅលើពិភពលោក ជាមួយនឹងការធ្វើបដិវត្តន៍នៅកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពខុសគ្នានៃការធ្វើបដិវត្តន៍របស់ប្រទេសជាច្រើននៅលើពិភពលោក ជាមួយនឹងការធ្វើបដិវត្តន៍នៅកម្ពុជា ដោយបញ្ជាក់ថា ប្រទេសទាំងនោះ បានធ្វើបដិវត្តន៍ ដោយគ្រាន់តែផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋបាល យោធា និងសន្តិសុខប៉ុណ្ណោះ ការអប់រំ សាលារៀន មន្ទីរពេទ្យ រួមទាំងសេវារដ្ឋបាលបម្រើដល់ប្រជាជន ត្រូវបានបន្តឲ្យដំណើរការ ប៉ុន្តែសម្រាប់កម្ពុជា ការធ្វើបដិវត្តន៍ បានធ្វើឲ្យប្រទេសដ៏កម្សត់មួយនេះ ខ្ទេចខ្ទាំស្ទើរគ្មានសល់ ដែលត្រូវចាប់ផ្តើមកសាងឡើងវិញ លើគ្រប់វិស័យទាំងអស់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជារបស់យើង ភាពអាណោចអាធម៌ បានកើនឡើងក្នុងក្របខណ្ឌទូទាំងប្រទេស មិនថារដ្ឋឬ ឯកជននោះទេ សុទ្ធតែត្រូវចាប់ផ្តើមឡើងវិញដូចៗគ្នា ក្រុមគ្រួសារនិមួយៗរបស់យើង ក៏ត្រូវចាប់ផ្តើមកសាងជីវភាពថ្មី ជាមួយនឹងការលំបាករាប់មិនអស់ ដែលបន្សល់ទុកពីរបប ប៉ុល ពត ខ្លះក្លាយទៅជាស្ត្រីមេម៉ាយ ខ្លះទៅជាពោះម៉ាយ ខ្លះទៅជាក្មេងកំព្រា បាត់បង់គ្រួសារ និងត្រូវត្រឡប់ទៅភូមិកំណើតដែលត្រូវគេជម្លៀស។ វិស័យរដ្ឋ ស្ថាប័នទាំងអស់ នៅក្នុងប្រទេសយើងត្រូវបង្កើតឡើងវិញ។

សម្តេចតេជោ បានលើកឡើងថា សម្តេច គឺជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្ត្រីដែលចាប់ផ្តើមដំបូង និងជាមនុស្សតែម្នាក់គត់ បានឆ្លងកាត់ដំណាក់កាលមិនដាច់រយៈនៅក្នុងរដ្ឋាភិបាល ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ គិតរហូតមកដល់ពេលនេះ មានរយៈពេល៤៤ឆ្នាំ។ សម្តេចរំលឹកថា ក្រសួងការបរទេសនៅពេលនោះ ចាប់ផ្តើមពីមនុស្សតែ៤នាក់ប៉ុណ្ណោះ ដែលមានរដ្ឋមន្ត្រីម្នាក់ ជំនួយការម្នាក់ អ្នកបើកបរម្នាក់ និងកងការពារម្នាក់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តថា ចំពោះវិស័យអប់រំក៏ដូចគ្នាដែរ ត្រូវកសាងឡើងវិញ ហើយមានទំហំធំជាងការកសាងវិស័យផ្សេងៗទៀត។ ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។

ដោយសារការខិតខំរំដោះប្រទេស និងប្រជាជនចេញពីរបប ប៉ុល ពត និងប្រឹងប្រែងការកសាងប្រទេស ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ទើបសម្តេចតេជោ ហ៊ុន សែន តែងតែថ្លែងនូវការប្តេជ្ញាចិត្ត មិនឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងដានចាស់ ដូចរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៀតនោះទេ ទោះក្នុងតម្លៃណាក៏ដោយ ដាច់ខាតត្រូវតែរក្សាសន្តិភាព ជូនប្រទេស និងប្រជាជនកម្ពុជាឲ្យខាងតែបាន៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner