អ៊ែរដូហ្គាន់៖ ស៊ុយអែតកុំរំពឹងឱ្យតួកគីគាំទ្រដើម្បីក្លាយជាសមាជិតណាតូ ក្រោយបាតុកម្មដុតកូអាននៅក្រុងស្កុកខម៍

អង់ការ៉ា៖​ ប្រធានាធិបតីតួកគី តាយហ្ស៊ីប អ៊ែរដូហ្គាន់ បានថ្លែងកាលពីថ្ងៃចន្ទ (២៣ ខែមករា) ថា ប្រទេសស៊ុយអែតមិនបាច់រំពឹងឱ្យក្រុងអង់ការ៉ាគាំទ្រខ្លួន ដើម្បី ក្លាយជាសមាជិកអង្គការណាតូនោះទេ ក្រោយការតវ៉ាដោយដុតច្បាប់ ចម្លងនៃគម្ពីរកូអានមួយក្បាលក្បែរស្ថាតទូតតួកគីប្រចាំទីក្រុងស្កុកខម៍។

ការថ្លែងរបស់លោក អ៊ែរដូហ្គាន់ បានធ្វើឡើងបន្ទាប់ពីបាតុកម្មមួយបាន ធ្វើ ឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងស្តុកខម៍ ប្រឆាំងនឹងតួកគីនិងការស្វែងរកចូល ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ)របស់ស៊ុយអែត ដែលធ្វើឱ្យភាពតានតឹងកើនឡើងស្របពេលដែលស៊ុយអែតត្រូវការការគាំទ្រពីតួកគីដើម្បីក្លាយជាសមាជិករបស់ណាតូ។

លោក អ៊ែរដូហ្កាន់ បានថ្លែងក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «អ្នកដែលអនុញ្ញាតឱ្យមានការប្រមាថបែបនេះនៅចំពោះមុខស្ថានទូតរបស់យើង កុំរំពឹងថានឹងមានការគាំទ្ររបស់យើងសម្រាប់សមាជិកភាព អង្គការ ណាតូរបស់ខ្លួនទៀតឱ្យសោះ»។

លោកបន្តថា ៖ «ប្រសិនបើអ្នកស្រឡាញ់សមាជិកនៃអង្គការភេរវករ និង សត្រូវនៃសាសនាអ៊ិស្លាមខ្លាំងណាស់ ហើយការពារពួកគេ នោះយើងណែនាំ អ្នកឱ្យស្វែងរកការគាំទ្ររបស់ពួកនោះសម្រាប់សន្តិសុខប្រទេសរបស់អ្នក»។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom មិនបានធ្វើការអធិប្បាយភ្លាមៗនោះទេ នៅពេលទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចោទសួរ ប៉ុន្តែបាននិយាយជាលាយលក្ខណ៍អក្សរថា លោកចង់យល់ ច្បាស់នូវអ្វីដែលលោក អ៊ែរដូហ្គាន់ បាននិយាយ។ លោកបន្ថែមថា៖ «ស៊ុយអែត នឹងគោរពកិច្ចព្រមព្រៀងដែលមានរវាងស៊ុយអែត ហ្វាំងឡង់ និងតួកគី ទាក់ទងនឹងសមាជិកភាពអង្គការណាតូរបស់យើង»។

គួររំឭកថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជា សមាជិកណាតូ កាលពីឆ្នាំមុន ក្រោមការភ័យខ្លាចការគំរាមកំហែងរបស់រុស្ស៊ី ក្រោយការ ឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំបានកើតឡើង។ ដំណើរការនេះបានជួប នឹងភាពរាំងស្ទះពីតួកគី ដែលទាមទារឱ្យស៊ុយអែត ក៏ដូចជាហ្វាំងឡង់ ត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុន ប្រឆាំងនឹងក្រុមដែលតួកគី ចាត់ទុកជាក្រុមភេរវករ ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធឃឺដ និងក្រុមដែលក្រុងអង់ការ៉ាបានចោទប្រកាន់លើការប៉ុនប៉ងធ្វើរដ្ឋប្រហារតួកគីឆ្នាំ ២០១៦៕
ដោយ៖ហួន ឌីណា
ប្រភព៖ Don’t expect Turkish support for NATO bid after Stockholm protest

ads banner