អភិបាលខេត្តបាត់ដំបង៖សំរាម គឺជារឿងធំ មិនមែនជារឿងតូចតាចនោះទេ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងថា រដ្ឋបាល ខេត្តមានមិនបានអនុវត្តការផាកពិន័យទៅដល់អ្នកចោលសំរាមនៅតាមទីសាធារណៈនាពេលកន្លងមក ដោយសារខេត្តចង់យកមធ្យោបាយអប់រំជាគោល ជាជាងការផាកពិន័យ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋបោះសំរាមចោល ពាស វាលពាសកាល។

ការលើកឡើងដូចនេះបន្ទាប់ពីការរិះគន់ទៅលើរដ្ឋបាលក្រុងបាត់ដំបងបានធ្វើការផាកពិន័យទៅលើអ្នកបោះចោលសំរាមពាសវាលពាសកាល។
ឯកឧត្តម សុខ លូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាព ជោគជ័យ៥ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបង» នៅព្រឹកថ្ងៃទី២៤ ខែមករា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «រដ្ឋបាលខេត្តមានប្រកាស អន្តរ ក្រសួង ស្តីពីការផាកពិន័យទៅដល់អ្នកចោលសំរាមនៅតាមទីសាធារណៈនេះយូរហើយ ប៉ុន្តែរដ្ឋបាលខេត្តមិនបានអនុវត្តការផាកពិន័យទេ ដោយយើងយក មធ្យោបាយ អប់រំប្រជាពលរដ្ឋជាគោលជាជាងការផាកពិន័យជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋបោះសំរាមចោលពាសវាលពាសកាល»។

បញ្ហាទាក់ទងនឹងរឿងសំរាមនេះ គឺជារឿងធំ មិនមែនជារឿងតូចតាចនោះទេ ដោយគ្រាន់តែក្រុងបាត់ដំបងមួយ ក្នុងមួយថ្ងៃមានសំរាមប្រហែល ៣០០ តោន ហើយមានក្រុមហ៊ុនចំនួនពីរ ដែលជាអ្នកយកសំរាមពីផ្ទះរបស់ ប្រជាពលរដ្ឋ ទៅទីលានចាក់សំរាម។

ឯកឧត្តមបន្តថា ដើម្បីអនុវត្តនូវការយកសំរាមឱ្យអស់បាន គឺវាត្រូវការការ ចូលរួមពីប្រជាពលរដ្ឋទាំងអស់ដោយការបង់លុយថ្លៃដឹកសំរាមទៅតាមតម្លៃខុសៗនៃផ្ទះតាមប្រភេទអាជីវកម្មគឺមានពីមួយម៉ឺនឬ១៥.០០០រៀល។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ៖ «ខ្ញុំគិតថា តម្លៃនេះមិនជាច្រើន នោះទេ ប៉ុន្តែចង់សួរថា តើមានបងប្អូនប៉ុន្មានភាគរយក្នុងក្រុងបាត់ដំបង ដែលបានបង់លុយថ្លៃដឹក និងប្រមូលសំរាមនេះ? ខ្ញុំសូមជម្រាបថា អ្នក បង់ថ្លៃប្រមូលសំរាមនេះគឺមិនដល់៥០ភាគរយនោះទេដែលបង់លុយថ្លៃសំរាម ។នេះហើយគឺជាបញ្ហាចំណោទសម្រាប់យើង»។

ថ្នាក់ដឹកនាំខេត្តបាត់ដំបងរូបនេះ បានលើកឡើងឱ្យដឹងដែរថា បើលោក មិនគិតគូរ មិនធ្វើការជំរុញនោះទេ បញ្ហាទាំងនេះនឹងមិនអាចដោះស្រាយ បានទេ។
ឯកឧត្តមបន្តថា យើងបានគិតគូរ ជាបន្តបន្ទាប់ ប៉ុន្តែរឿងអ្វីក៏ដោយយើង មិនអាចធ្វើបានមួយឬពីរថ្ងៃអស់នោះទេ។រឿងសំរាមនេះ គឺជារឿងស្មុគស្មាញ ដែលវាត្រូវការនូវការភ្ញាក់រលឹកពីបងប្អូនទាំងអស់គ្នា ដោយទីមួយត្រូវបង់ លុយ ទីពីរ ត្រូវចោលសំរាមតាមកន្លែងដែលបានកំណត់តាមកាលវិភាគ ដែលបានជូនដំណឹង»។

ក្រសួងបរិស្ថាន តែងតែខិតខំជួយដល់ខេត្តបាត់ដំបងនេះផងដែរ ដោយ បានផ្តល់ជារថយន្តដឹកសំរាមដើម្បីធ្វើយ៉ាងណាជួយឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការប្រមូលសំរាម និងដឹកសំរាមឱ្យកាន់តែប្រសើរឡើង ហើយ រដ្ឋបាល ខេត្តបាត់ដំបងក៏កំពុងសិក្សាផងដែរ ទៅលើការបង្កើតAppសម្រាប់ ប្រជាពលរដ្ឋ ដឹងពីការប្រមូលសំរាមនេះ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ៖ «យើងនឹងមានApp ដែលបងប្អូន យើងអាចដឹងពីម៉ោង ពេលវេលារបស់ឡានសំរាម យើងអាចដឹងពី តំបន់ដែលបងប្អូនយើងអត់បានបង់ថ្លៃប្រមូលសំរាម ហើយយើង នឹងជំរុញឱ្យបងប្អូនបង់ថ្លៃសំរាម ដែលនេះជាកាតព្វកិច្ចទាំងអស់គ្នា»។

សូមបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង មានទីលានចាក់សំរាម ដែល ទើបតែកសាងរួចហើយ លើទំហំដី ជាង២០ហិកតា ដែលទីតាំងនេះ ជាទីលានចាក់សំរាមស្តង់ដារ ហើយរដ្ឋបាលខេត្តនឹងធ្វើការញែក សំរាម នៅទីលានចាស់ ដឹកទៅទីលានថ្មីជាបន្តបន្ទាប់ផងដែរ។

រដ្ឋបាលខេត្តនឹងសិក្សារួមគ្នាជាមួយនឹងក្រុមហ៊ុនមកពីកូរ៉េ ដោយចង់ សិក្សាទីលានចាក់សំរាមឱ្យចេញជាហ្គាសបង្កើតជាភ្លើងអគ្គិសនី ហើយ នឹងអាចធ្វើជាកំប៉ុសសម្រាប់ប្រើប្រាស់ផងដែរ។
ឯកឧត្តម សុខ លូ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវតែ ម្ចាស់ការទទួលខុសត្រូវ ហើយត្រូវចាត់ទុកថា រឿងនេះជាបញ្ហាទាំងអស់គ្នា គ្មាននរណាម្នាក់អាចធ្វើឱ្យអស់សំរាមនោះទេ បើគ្មានការចូលរួម គ្មានការ ទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ។

ទាក់ទងនឹងសំរាមនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថាន ដើម្បី ទីក្រុងស្អាត ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ មិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល និងត្រូវខិតខំ ទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរតាមទឹកចូលទន្លេ បឹង ប្រឡាយ និងលូជាដើម។
សម្ដេចតេជោមានប្រសាសន៍ថា៖ «ឥឡូវនេះមិនដូចពេលមុនទេ សំរាម ក្នុងមួយថ្ងៃមានប្រមាណជាបីពាន់តោន។ ដូចនេះអ្វីដែលជាបញ្ហា កង្វល់ របស់យើង គឺបញ្ហាប្រជាពលរដ្ឋយើងមិនព្រមរៀបចំសម្អាតអនាម័យ តាមរយៈការប្រមូលសំរាម»។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅឆ្នាំ ២០២២ សំរាមដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាងបួនលានតោននៅក្នុងមួយឆ្នាំៗ ហើយក្នុងមួយថ្ងៃ សំរាមមានជាង មួយម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹងសំរាមនៅប្រទេសកម្ពុជា គឺមាន ចន្លោះពី ១០ ទៅ ១៥ ភាគរយនៅក្នុង មួយឆ្នាំ។

ក្រសួងបានបន្តថា ក្នុងចំណោមសំរាម ១០០ ភាគរយ មានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅលើលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយប៉ាយតាមទៅតាំងផ្សេង ឬនៅប្រភពទឹក ឬនៅ តាមសាធារណៈ៕
ដោយ៖នាង សុគន្ធា

ads banner