រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបង្ហាញពីវឌ្ឍនភាពល្អប្រសើរនៃសេវាទូរគមនាគមន៍នៅក្នុងបុរី ប៉េងហួត បឹងស្នោរ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្មវិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយក្នុងនេះគេឃើញមានការចូលរួមពីក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត សរុបប្រមាណ ២៩៤នាក់។

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសើរជាងមុន ៧០ភាគរយ។ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

ក្នុងដំណើរការពង្រឹងគុណភាពសេវានេះ មានប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាមិនឱ្យសាងសង់ ហើយឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនថា នឹងស្ដាប់មតិភាគច្រើន ប្រសិនមានប្រជាពលរដ្ឋលើសពី៧០ភាគរយ មានសំណូមពរ ឯកឧត្ដមរដ្ឋមន្ត្រីនឹងគោរពស្នើសុំគោលការណ៍ដើម្បីសាងសង់គម្រោងទី២បន្តទៀត។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ ក្រសួងបានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Driver Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។

តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀតដំណាលគ្នា ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញមុនគេ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដែរថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក្រសួងបានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ ៤០ម៉ឺនគ្រឿង ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner