គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តលើការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដើម្បីជាការឆ្លើយតបនឹងការឈ្លានពានលើអ៊ុយក្រែនជាបន្តបន្ទាប់។ វិធានការខាងលើ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

អគ្គលេខាធិការរងខុទ្ទកាល័យជប៉ុន លោក Kihara Seiji បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេស G7 និងសហគមន៍ពិភពលោកកាន់តែទូលំទូលាយត្រូវរួបរួមគ្នា និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់។

លោកថា ប្រទេសជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាគាំទ្រដល់អ៊ុយក្រែន។ ជប៉ុន និងក្រុមប្រទេស G7 ផ្សេងទៀតមានបំណងដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី។

តួយ៉ាង ទណ្ឌកម្មថ្មីចុងក្រោយនេះ រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ៣៦នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី និងបុគ្គលដែលមានទំនាក់ទំនងជាមួយក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ព្រមទាំងអង្គភាពចំនួនបីផងដែរ។

ហើយតាមរយៈទណ្ឌកម្មថ្មីនេះទៀតសោត ការនាំចេញនឹងត្រូវហាមឃាត់ចំពោះអង្គភាពចំនួន ៤៩បន្ថែមទៀត រួមទាំងរោងចក្រជួសជុលយន្តហោះរុស្ស៊ីផងដែរ។ សម្ភារៈចាំបាច់ជាច្រើនផ្សេងទៀត ក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជី នៃការហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner