សេដ្ឋកិច្ចអេស្ប៉ាញហក់ឡើង ៥.៥ភាគរយក្នុងឆ្នាំ ២០២២

ម៉ាឌ្រីដ៖ ការិយាល័យស្ថិតិរបស់ប្រទេសអេស្ប៉ាញ (INE) បានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញបានកើនឡើង ៥.៥ភាគរយក្នុងឆ្នាំ ២០២២។

ស្របពេលជាមួយគ្នានេះដែរ ផលិតផលក្នុងស្រុកសរុប (GDP) របស់អេស្ប៉ាញបានកើនឡើង ០.២ភាគរយនៅក្នុងត្រីមាសចុងក្រោយកាលពីឆ្នាំមុន ដែលជម្រុញឱ្យមានកំណើនប្រចាំឆ្នាំ ៥.៥ភាគរយ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានពីជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែនក៏ដោយ។

កំណើនសេដ្ឋកិច្ចនេះ មានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២២ បើធៀបនឹងការព្យាករណ៍របស់រដ្ឋាភិបាលអេស្ប៉ាញ ៤.៤ភាគរយ និងការព្យាករណ៍របស់ធនាគារអេស្ប៉ាញ ៤.៥ភាគរយ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានស្វាគមន៍ចំពោះព័ត៌មាននេះ ដោយលើកឡើងពីភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចអេស្ប៉ាញ។

លោកនាយករដ្ឋមន្រ្តីក៏បានរំលឹកផងដែរថា ប្រទេសអេស្ប៉ាញបានបង្កើតការងារថ្មីប្រមាណ ២៧៨,៩០០កន្លែងក្នុងឆ្នាំ ២០២២ និងមានអត្រាគ្មានការងារធ្វើទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨។

សូមរម្លឹកថា ក្នុងឆ្នាំ ២០២១ ប្រទេសអេស្ប៉ាញបានកត់ត្រាកំណើន GDP ត្រឹម ៥.១ភាគរយ បើធៀបនឹងការធ្លាក់ចុះ ១០.៨ភាគរយកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត COVID-19។

ដោយឡែកការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣នេះ មិនមានសុទិដ្ឋិនិយមដូចនៅក្នុងបរិបទ នៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនោះទេ ដោយរដ្ឋាភិបាលអេស្ប៉ាញរំពឹងថា GDP នឹងកើនឡើង ២.១ភាគរយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner