គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ៥៧គ្រួសារ នៅស្រុកថ្ពង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកថ្ពង ក្រុមកាកបាទក្រហមឃុំ កាលពី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀងចំនួន ៥៧គ្រួសារ(ធ្ងន់ ៣គ្រួសារ និងស្រាលហើយខ្វះខាតស្បៀង ៥៤គ្រួសារ) ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ហើយតាមរយៈអំណោយនេះ អាចធ្វើឱ្យបងប្អូនមានឱកាសចេញទៅប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារ ៕ ម៉ុន សំអាត


