រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យកូរ៉េ វិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ

(កូរ៉េខាងត្បូង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យ កូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េខាងត្បូង។
មានប្រសាសន៍នេះធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលពេលវេលានេះជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ ឯកឧត្តម ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកប្រធាន YU Jeoung Yeol បានបង្ហាញពីជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ លោកប្រធាន បន្តថាបច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner