សេដ្ឋកិច្ចស្រីលង្ការំពឹងថា នឹងកើនឡើងឡើងវិញក្នុងឆ្នាំ ២០២៤

កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ ក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ទោះបីជាបានធ្លាក់ចុះ ១១ភាគរយក្នុងឆ្នាំ ២០២២ ហើយអាចនឹងមានត្រឹម ៣.៥ភាគរយ ឬ ៤ភាគរយនៅឆ្នាំ ២០២៣នេះក៏ដោយ ក៏ប៉ុន្តែវាត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញនៅឆ្នាំ ២០២៤ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីស្រីលង្ការូបនេះក៏បានព្រមានផងដែរថា ប្រសិនបើគម្រោងសេដ្ឋកិច្ចដែលអនុវត្តដោយរដ្ឋាភិបាល និងកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលត្រូវបានរំខាននោះ ប្រទេសស្រីលង្កានឹងនៅតែមានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដដែល។

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ១១,៨ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំត្រីមាសខ្លាំងបំផុតទីពីរ មិនធ្លាប់មានសម្រាប់ប្រទេសដែលឆ្លងកាត់វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ។

ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារ សម្រាប់ការនាំចូលទំនិញសំខាន់ៗ ដូចជាម្ហូបអាហារ ប្រេងឥន្ធនៈ ជី និងថ្នាំពេទ្យជាដើម។

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា កត្តាជាច្រើនរួមមានអតិផរណាខ្ពស់ ការដាច់ចរន្តអគ្គិសនី អត្រាការប្រាក់ខ្ពស់ កង្វះការនាំចូល និងកង្វះប្រេងឥន្ធនៈ និងជីបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងត្រីមាសចុងក្រោយ៕ ប្រភព៖ ស៊ីនហួរ និងរ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner