ពាណិជ្ជកម្មបរទេសរបស់មីយ៉ាន់ម៉ា កើនឡើង ១៨.៤៧ភាគរយ ក្នុងរយៈពេលជិត ១០ខែ នៃឆ្នាំសាពើពន្ធ ២០២២-២០២៣

ណៃពិដោ៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះថា ការនាំចេញ និងនាំចូលទំនិញសរុបរបស់មីយ៉ាន់ម៉ាបានកើនឡើង ១៨.៤៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ទឹកប្រាក់ជាង ២៧.១៩ពាន់លានដុល្លារ ក្នុងរយៈពេលជិត ១០ខែ នៃឆ្នាំសារពើពន្ធ ២០២២-២០២៣ ដែលចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំមុន។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសាឆ្នាំមុន ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ការនាំចេញបានកើនឡើង ១៤.២៥ភាគរយ ដល់ទឹកប្រាក់ជាង ១៣.៣៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលបានកើនឡើង ២២.៨៥ភាគរយ ដល់ទឹកប្រាក់ជាង ១៣.៨២ពាន់លានដុល្លារ។

ក្នុងអំឡុងពេលនោះ ប្រហែល ៧៦.០៤ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងតាមរយៈផ្លូវសមុទ្រ ហើយប្រហែល ២៣.៩៦ភាគរយត្រូវបានធ្វើឡើងតាមរយៈព្រំដែនគោក។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាធម្មតា ធ្វើពាណិជ្ជកម្មក្រៅប្រទេសភាគច្រើនរបស់ខ្លួន តាមរយៈផ្លូវសមុទ្រ ដោយសារខ្លួនមានឆ្នេរសមុទ្រវែង ហើយមីយ៉ាន់ម៉ាធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយចិន ថៃ បង់ក្លាដែស និងឥណ្ឌា។

មីយ៉ាន់ម៉ាបាននាំចេញទំនិញសំខាន់ៗជាច្រើន មានដូចជាផលិតផលកសិកម្ម ផលិតផលសត្វ ជលផល រ៉ែ និងផលិតផលព្រៃឈើ ការផលិតទំនិញ និងផលិតផលផ្សេងៗទៀត ខណៈដែលការនាំចូលទំនិញចម្បង មានដូចជាទំនិញកម្រិតមធ្យម និងទំនិញប្រើប្រាស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner