ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន

ភ្នំពេញ៖ “ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ”។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អ ខួប១០០ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ត និងដើម្បីសម្ដែងនូវការដឹងគុណចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួនស្របតាមកាលៈទេសៈជាច្រើនដែលប្រទេសកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ក្នុងបរិបទនេះ សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យលើកត្តាចម្បងពីរយ៉ាង ជាអាទិ៍៖ ចំណុចទី១ គឺការបើកចំហនៃសហគមន៍សាសនានីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រកាន់នូវគោលជំហរទន់ភ្លន់ មិនចង្អៀតចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់នូវការបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយសេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំពើជាកុសលល្អដល់ជនទាំងទ្បាយទាំងពួង។

ចំណុចទី២ គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាលទៅដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បងក្នុងការនាំមកនូវភាពជឿទុកចិត្ត ការគោរពស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នា ដោយបង្កើតបានជាបរិស្ថានសុខដុមរមនានៅក្នុងសង្គមជាតិទាំងមូល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងតរៀងទៅ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងន័យនេះ បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner