សិល្បករ សិល្បការិនីកម្ពុជា នឹងទៅចូលរួមសម្តែងនៅព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣» ប្រទេសសិង្ហបុរី

អត្ថបទដោយ៖
CPA

ភ្នំពេញ:
តំណាងកម្ពុជា នឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣» នៅឯប្រទេសសិង្ហបុរី នាខែកុម្ភៈខាងមុខនេះ ដើម្បីបង្ហាញវប្បធម៌ខ្មែរដ៏ស្រស់បំព្រងនៅលើឆាកអន្តរជាតិ ដែលកម្មវិធីនេះគឺជាព្រឹត្តិការណ៍ក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី។

ក្រោមកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី លោកស្រី ដាំ ដារិនី អនុប្រធាន ស.ស.យ.ក. នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជា រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យដឹកនាំការសម្ដែង និងក្រុមការងារប្រតិបត្តិសរុបចំនួន ៣៥ នាក់ ទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ២០២៣»។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈឆ្នាំ២០២៣ នៅទីតាំង F1 Pit Building,សាធារណរដ្ឋសិង្ហបុរី។
សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក. ចុះថ្ងៃទី ២៨ ខែមករា បានឱ្យដឹងថា ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀង រាល់ឆ្នាំដោយ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយក រដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ ចម្រុះ។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹង ទុកអ្នកចូលរួមជាង មួយម៉ឺននាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិ សាសន៍រៀងៗខ្លួន នៅក្នុងក្បួនដង្ហែ «ឈីងហ្គេ” ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់ សាធារណរដ្ឋសិង្ហបុរី។
សម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេឆ្នាំ២០២៣» នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ « Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ៖ «ក្តីសង្ឃឹម របស់យើង (Our Hopes)» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែងជូនដល់ភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែដោយផ្ទាល់ ឬទស្សនាតាមការផ្សព្វផ្សាយនានា។

ប្រភពដដែលបញ្ជាក់ថា ការសម្ដែងទាំងមូលនឹងបង្ហាញក្តីសង្ឃឹមនិងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជា ភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងសន្និសីទកាសែតកាលពីពេលកន្លងទៅ លោក សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជានៅព្រឹត្តិការណ៍អន្តរជាតិបែបនេះ គឺជាការចាប់យកឱកាស ដើម្បីបង្ហាញពី វប្បធម៌ដ៏ប្រពៃរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែឈីងហ្គេ ។ លោកបន្តថា៖« ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួម យ៉ាងសកម្មរបស់យុវជនខ្មែរ ក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយ តាមលទ្ធភាពផ្សេងៗ ដែលអាចធ្វើបាន»។

សូមជម្រាបថា តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ចំនួនពីរលើករួចមកហើយ។ ក្នុងឆ្នាំ២០១៧ ប្រធាន ស.ស.យ.ក ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំប្រតិភូកម្ពុជា សិល្បករ និងសិល្បការិនីសរុបចំនួន ៧៥រូប ចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះនៃវប្បធម៌ (Unity in Cultural Diversity)»។ ព្រឹត្តិការណ៍នាពេលនោះ កម្ពុជាបានសម្តែងសិល្បៈប្រពៃណីក្រោមទម្រង់ជារបាំអប្សរា ល្ខោនស្បៃធំ គុណល្បុកតោ និងការដាក់តាំងបង្ហាញសម្ភារៈកញ្ឆែផងដែរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និង របាំរហ័សសម័យចំនួន ៥ ទម្រង់ រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖ «ភាពសុខដុម (HARMONY)»។ សិល្បៈ៥ទម្រង់ ដែលត្រូវបានយកទៅសម្ដែងនោះរួមមាន ទី១ របាំម្ករ ទី២ ឈុតព្រះថោងនាងនាគ ទី៣ ឈុតកូរសមុទ្រទឹកដោះ ទី៤ របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ និងទី៥ ក្បាច់ផ្ការំដួល៕
ដោយ:ឡាយ សាមាន

ads banner