សម្តេចតេជោ ហ៊ុន សែន អរគុណដល់អាជ្ញាធរដែនដីគ្រប់រាជធានីខេត្ត និងអ្នកពាក់ព័ន្ធ ដែលសម្រួលដល់ការប្រឡងបាក់ឌុបរបស់សិស្ស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់រាជធានីខេត្ត និងអ្នកពាក់ព័ន្ធ ដែលបានសម្រួលដល់ការប្រឡងបាក់ឌុបរបស់សិស្សទី១២ ប្រកបដោយជោគជ័យ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ ។

សម្តេចតេជោ មានប្រសាសន៍ថា៖ ខ្ញុំសូមអរគុណ នៅពេលប្រឡងឃើញខេត្តខ្លះ ប្រកាសថា ស្នាក់នៅមិនយកលុយ ឬចុះថ្លៃឈ្នួលផ្ទះ ដែលនេះសុទ្ធតែបង្កលក្ខណៈឱ្យខេត្តនីមួយៗមានការទទួលខុសត្រូវបែបនេះ គឺថាវាល្អ។ នោះហើយជាការសប្បាយរីករាយដែលយើងមិនទុកឱ្យក្រសួងអប់រំ ឬមន្ទីរអប់រំតែម្នាក់ឯងទេ បានន័យថា យើងរួមគ្នាធ្វើក្នុងចលនាជាតិលើវិស័យអប់រំ។

ជាមួយគ្នានេះ សម្តេច ក៏បានកោតសរសើរដល់អាជ្ញាធរដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការដែលបានលើកទឹកចិត្ត និងផ្តល់រង្វាន់ជាច្រើនដល់សិស្សនិទ្ទេស A នៅតាមមូលដ្ឋាន។

សម្តេចតេជោ បានលើកឡើងថា សិស្សានុសិស្សដែលបានកើតក្នុងកាលៈទេសៈនេះ ពិតជាសំណាងត្រង់ថា កម្ពុជា បច្ចុប្បន្ន មានសន្តិភាពពេញលេញ បើធៀបនឹងយុវជនដែលស្ថិតក្នុងសម័យកម្ពុជាមានសង្រ្គាម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner