ចាប់តាំងពីឆ្នាំ២០១៤មក មូលនិធិ IFAD បានផ្ដល់ហិរញ្ញប្បទាន និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤មក មូលនិធិ IFAD បានផ្ដល់ហិរញ្ញប្បទាននិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលមានរយៈពេល ៧ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធី ASPIRE ។ កម្មវិធី ASPIRE ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរ តាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានានៅក្នុងវិស័យកសិកម្ម ព្រមទាំងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកកសិកម្មទំនើបដល់កសិករខ្មែរចំនួនរាប់ម៉ឺនគ្រួសារ។

បន្ទាប់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុបិទបញ្ចប់នៅចុងឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍កសិកម្មអន្ដរជាតិ IFAD បានសម្រេចបន្តគាំទ្រនូវការអនុវត្តកម្មវិធីផ្ដល់សេវាកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន (ASPIRE-AT) ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្ន ដោយផ្អែកលើការនាំចេញនិងទីផ្សារក្នុងស្រុក។

បើតាមការរំពឹងទុក កម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥ ០០០ ដែលមានភាពក្រីក្រ ឬក្បែរក្រីក្រ និងងាយធ្លាក់ក្នុងភាពក្រីក្រដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារកសិកម្ម ឬផលវិបាកផ្សេងៗ ព្រមទាំងអ្នកដែលមានលទ្ធភាពទាញយកកាលានុវត្តភាពពីវិស័យកសិកម្ម។ ប្រជាជនដែលទទួលផលពីកម្មវិធី ASPIRE-AT មានស្ដ្រីប្រមាណ ៥០% យុវជន ២០% និងជនជាតិដើមភាគតិចចំនួន ១,៥% ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner