រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សស្រី ចូលរួមកម្មវិធី ប្រកួត បច្ចេកវិទ្យាឌីជីថល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឯកឧត្តម ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សនារី ឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាល និង ប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាសហគ្រិន និងអ្នក ដឹកនាំ ផ្នែកបច្ចេកវិទ្យាឌីជីថលនៅថ្ងៃអនាគត។

ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើក ជាផ្លូវការកម្មវិធី តិចណូវេសិន ២០២៣ (Technovation 2023) ដែល សហការរៀបចំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង អប់រំយុវជននិងកីឡា និង Tech For Kids Academy នៅសាកល វិទ្យាល័យ អាមេរិកាំងភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

តិចណូវេសិន ២០២៣ ជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែង រយៈពេល ១២ សប្ដាហ៍ ក្នុងគោលដៅជំរុញលើកកម្ពស់សិស្សស្រី ឱ្យមានចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន ចេះធ្វើការជាក្រុមប្រកបដោយ គំនិតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗដោយប្រើបច្ចេកវិទ្យា។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការ អប់រំ ជាវិស័យអាទិភាពមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យ របស់ កម្ពុជា។ លោកបន្តថា ជាក់ស្តែង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែគាំទ្រ ជានិច្ចនូវការស្រាវជ្រាវ នវានុវត្តន៍ និងចូលរួមបណ្ដុះទេព កោសល្យ បច្ចេកវិទ្យា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ស្របតាម ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោ បាយរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានោះ លោកបានលើកទឹកចិត្ត និង ជំរុញដល់សិស្សានុសិស្ស ខិតខំប្រឹងប្រែងឱ្យបានសកម្ម ដើម្បីទទួលបាន ជោគ ជ័យ ក្នុងកម្មវិធី តិចណូវេសិន ២០២៣ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយ ជាសហគ្រិន និងអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាឌីជីថលនៅថ្ងៃអនាគត។

ឯកឧត្តមបន្តថា៖«សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធី ត្រូវខិតខំយក ចំណេះដឹងដែលទទួលបានសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនបន្តទៀតសម្រាប់ជាទុនក្នុងសិក្សានៅថ្នាក់ឧត្តមសិក្សា ជាពិសេសលើកកម្ពស់ការចូលរួម របស់ ស្ត្រីក្នុងអាជីពការងារដែលពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើនឡើងផងដែរ»។
លោកបន្ថែមថា គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ជាច្រើនដែល រាជរដ្ឋា ភិបាលកម្ពុជាបាននឹងកំពុងអនុវត្តក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជាឱ្យក្លាយជាពលរដ្ឋឌីជីថល ក្រោមកិច្ចសហការមិនអាចខ្វះបានពី ស្ថាប័ន ក្រសួងពាក់ព័ន្ធនានា។ លើសពីនេះលោក បានលើកឡើងពីសមិទ្ធ ផលសម្រេចបានយ៉ាងច្រើនក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ គុណភាពអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា តួយ៉ាងថ្មីៗនេះ ក្រសួងទាំងពីរ បានដាក់ឱ្យដំណើរការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះ អាសន្នមធ្យមសិក្សាទុតិយភូមិ ដែលសិស្សានុសិស្សអាចស្នើសុំវិញ្ញា បនបត្រនេះ ដោយចូលទៅក្នុងប្រព័ន្ធតេលេក្រាម chatbot រួចបំពេញ ព័ត៌មានចាំបាច់មួយចំនួន។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមកម្មវិធីនោះ បានថ្លែងកោតសរសើរដល់ Technovation Cambodia ដែលរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងជំរុញសិស្ស នារីឱ្យ ចាប់អារម្មណ៍ និងសិក្សាផ្នែក STEM ដើម្បីបង្កើនអត្រាអ្នកចូលរួម ជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើន។ លោកជំទាវថ្លែងថា៖« កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីមួយដែលមានសក្ដានុពល ហើយបាន និងដើរតួនាទីជាកម្លាំងចលករមួយយ៉ាងសំខាន់ដែលចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងលើកកម្ពស់ការអប់រំបែបឌីជីថលនៅ កម្ពុជា»។

ជាមួយគ្នានោះលោកជំទាវបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តក្មួយៗកុមារី ឬយុវនារីក្នុង វិស័យបច្ចេកវិទ្យា និងសហគ្រិនភាព ឱ្យចាប់ផ្តើមពីកម្រិត បឋមសិក្សា ដើម្បីបណ្ដុះគំនិត បង្កើនទំនុកចិត្ត និងសេចក្ដីក្លាហានក្នុងការ ជ្រើសរើសយកវិស័យបច្ចេកវិទ្យាជាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគត និងជាពិសេសបង្កើនចំនួនអ្នកជំនាញជាស្ត្រីឱ្យកាន់តែមាន ច្រើនក្នុងចាប់ យកអាជីពវិជ្ជាជីវៈលើវិស័យបច្ចេកវិទ្យាផងដេរ។

សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន ២០២៣ មានការចូលរួមពី សិស្សានុ សិស្សស្រី និងលោកគ្រូ អ្នកគ្រូ ជាច្រើនរយនាក់មកពីរាជធានី ភ្នំពេញ និង តាមបណ្ដាខេត្ត និងមានរៀបចំកម្មវិធីបណ្ដុះបណ្ដាលរយៈ ពេល១២សប្ដាហ៍ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៣ និងកម្មវិធី Bootcamp រយៈពេល ២ថ្ងៃ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។
កម្មវិធីប្រកួតថ្នាក់ជាតិ National Pitch នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមចំនួន ១២ក្រុមចុងក្រោយប្រកួត ប្រជែងគ្នា។ បន្ទាប់ពីបញ្ចប់កម្មវិធីសិស្សានុសិស្ស ក៏ដូចជាគ្រូបង្វឹកនឹងទទួលបាន សញ្ញាបត្រ ក៏ដូចជារង្វាន់លើកទឹកចិត្ត។ ដោយឡែកក្រុមចំនួន ១២ ពីទូទាំងពិភពលោកនឹងត្រូវបានជ្រើសរើស នៅចុង ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងការប្រកួតកំពូលកម្រិតពិភពលោក Technovation World Summit 2023 ក្នុងអំឡុង ខែសីហា ឆ្នាំ ២០២៣៕
ដោយ៖ឡាយ សាមាន

ads banner