អ៊ីរ៉ង់បង្ហាញមូលដ្ឋានក្រោមដីសម្រាប់យន្តហោះចម្បាំង ដែលត្រៀមទប់ទល់នឹងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក

តេហេរ៉ង់៖ កងទ័ពអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញមូលដ្ឋានក្រោមដីដំបូងរបស់ខ្លួន សម្រាប់ផ្ទុកយន្តហោះចម្បាំង ដែលត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន ដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។

មូលដ្ឋានដែលមានឈ្មោះថា Oghab 44 (“Eagle” in Persian) អាចផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកគ្រប់ប្រភេទ បន្ថែមពីលើយន្តហោះដ្រូន ដោយទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានបញ្ចេញរូបភាព និងវីដេអូពីខាងក្នុងមូលដ្ឋាន។

ទីតាំងពិតប្រាកដនៃមូលដ្ឋានទ័ពនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហើបថា វាស្ថិតនៅជម្រៅរាប់រយម៉ែត្រនៅក្រោមភ្នំ ហើយមានសមត្ថភាពទប់ទល់នឹងការទម្លាក់គ្រាប់បែកដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក។

ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បន្ថែមថា Oghab 44 គឺជាមូលដ្ឋានទ័ពអាកាសក្រោមដីយុទ្ធសាស្ត្រមួយ ក្នុងចំណោមមូលដ្ឋានកងទ័ពអាកាសរបស់កងទ័ពអ៊ីរ៉ង់ ដែលបានសាងសង់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ មូលដ្ឋាននេះអាចរៀបចំយន្តហោះចម្បាំង ដើម្បីប្រឆាំងនឹងការវាយលុកដែលអាចកើតមាន ដូចជាយន្តហោះដែលអនុវត្តដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ពួកគេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner