សហភាពអ៊ឺរ៉ុបរិះគន់ ធ្វីតទ័រដែលយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

អឹរ៉ុប:​សហភាពអ៊ឺរ៉ុបរិះគន់ធ្វីតទ័រ(Twitter )ដែលយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។នៅថ្ងៃទី០៩ខែកុម្ភៈគណៈកម្មការអឺរ៉ុបនិយាយថា ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ Twitter តាមពីក្រោយ Google, Meta Platforms (Facebook), Microsoft និង TikTok ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ គណៈកម្មការអឺរ៉ុបបាន ជំរុញឱ្យ Twitter បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀតចំពោះបញ្ហានេះ។

ក្រុមហ៊ុនTwitterបានបង្ហាញរបាយការណ៍វឌ្ឍនភាពស្តីពីការអនុលោមតាមក្រមប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) ស្តីពីរារាំងការផ្សាយព័ត៌មានមិនពិតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។របាយការណ៍នេះ បានបង្ហាញពីសកម្មភាពមួយចំនួនរបស់ខ្លួនរួមមាន៖ ទិន្នន័យពីចំនួនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនបានបដិសេធបណ្ដាលមកពីជាប់ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ ចំនួនឬតម្លៃនៃការផ្សាយពាណិជ្ជកម្មនយោបាយដែលទទួលយក ឬ បដិសេធ និងចំនួននៃករណីដែលអ្នកប្រើប្រាស់មានចេតនាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

គណៈកម្មការអ៊ឺរ៉ុប កាលពីឆ្នាំមុនបានពង្រឹងក្រមសីលធម៌ ដោយភ្ជាប់វាទៅនឹងច្បាប់មាតិកាអនឡាញដែលគេស្គាល់ថា ជាច្បាប់សេវាកម្មឌីជីថលដែលអនុញ្ញាតឱ្យនិយតករអាច ពិន័យក្រុមហ៊ុនទាំងអស់ រហូតដល់6ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ ប្រសិនណារកឃើញថាក្រុមហ៊ុនទាំងអស់នោះបំពានបំរាម។

អនុប្រធានគណៈកម្មការ តម្លៃនិងតម្លាភាពនៃសហភាពអ៊ឺរ៉ុបអ្នកស្រី Vera Jourova បានរិះគន់ Twitter ចំពោះបញ្ហានេះ។ អ្នកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំ ខកចិត្តដែលឃើញរបាយការណ៍របស់ Twitter ដើរយឺតជាងអ្នកដទៃ។ខ្ញុំរំពឹងថាពួកគេនឹងមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្លាថែមទៀត ដើម្បីអនុវត្តកិច្ចការដែលពួកគេត្រូវធ្វើស្រមតាមច្បាប់របស់អ៊ឺរ៉ុប»។

នាយកប្រតិបត្តិសហភាពអឺរ៉ុបបាននិយាយថា របាយការណ៍របស់ Twitter ខ្វះទិន្នន័យ និងមិនមានព័ត៌មានស្តីពីការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិដើម្បីផ្ទៀងផ្ទាត់ព័ត៌មានណាមួយពិតណាមួយមិនពិតនោះទេ។
ក្រុមហ៊ុន Twitter នឹងត្រូវចេញរបាយការណ៍បន្ទាប់នៅក្នុងខែកក្កដាឆ្នាំ២០២៣ខាងមុខ។នៅថ្ងៃទី០៩ខែកុម្ភៈ ភាគីដែលជាហត្ថលេខីលើក្រមរបស់អ៊ឺរ៉ុបនេះ បានបើកដំណើរការមជ្ឈមណ្ឌលតម្លាភាពដែលអនុញ្ញាតឱ្យពលរដ្ឋសហភាពអឺរ៉ុប អ្នកស្រាវជ្រាវ និងអង្គការក្រៅរដ្ឋាភិបាល ទទួលបានព័ត៌មានតាមអនឡាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ Twitter ក្នុងការប្រយុទ្ធប្រឆាំងនឹងក្លែងក្លាយ៕
ដោយ:វណ្ណ ស៏ក្តិ

ads banner