កម្ពុជា-ឡាវ ពិភាក្សាគ្នាពាក់ព័ន្ធផ្លូវដែកល្បឿនលឿន ដើម្បីជំរុញដល់ការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ
វៀងច័ន្ទ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីវៀងច័ន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងឡាវ បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីជំរុញដល់ការតភ្ជាប់វិស័យទេសចរណ៍ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ការពិភាក្សារបស់យើង ក៏គ្របដណ្តប់ទៅលើបញ្ហា ទាក់ទងនឹងវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេស ទីក្រុងសៀមរាប រាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសសម្រាប់ទេសចរណ៍ អាចដំណើរគោលដៅមកកាន់ឡាវផង និងកម្ពុជាផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីសម្រាប់តំបន់អាស៊ាន ហើយកម្ពុជា ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ។
សម្តេចបានលើកឡើងដែរថា ឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជា ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយ យើងផ្តល់ការយកចិត្តទុកដាក់សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា ប្រទេសទាំងពីរ ក៏បានឯកភាពគ្នា តភ្ជាប់រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ។ សម្តេចថា៖ នេះជាការផ្តល់នូវអំណោយផលនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងខិតខំធ្វើនូវកិច្ចការទាំងឡាយ ទាក់ទងនឹងបញ្ហាព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ និងដោះស្រាយបញ្ហានៅពេលខាងមុខនេះ៕ ដោយ វណ្ណលុក