ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
ការវាយតម្លៃនះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។
ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាប់សិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។
ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោក-ជំទាវ ព្រមទាំងគណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្តឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។
ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា