កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

Advertisement

ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែនអន្តរជាតិផងដែរ។ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងរៀបចំឯកសារ ស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំ បន្ទាប់ (២០២៣-២០២៥)។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសថៃ បន្តផ្តល់ការយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបន្តផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា។ ក្នុងនាមជាអតីតអ្នកការទូតថៃ នៅទីក្រុងភ្នំពេញ កាលពី៣០ឆ្នាំមុន ឯកឧត្តមឯកអគ្គរាជទូត អាត់ថាកន បានចំណាប់អារម្មណ៍ និងពិនិត្យឃើញដោយផ្ទាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងឋានៈជាប្រធានអាស៊ាន និងបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសាទរប្រទេសថៃ ដែលបានធ្វើជាប្រធាន APEC ប្រកបដោយជោគជ័យ នៅឆ្នាំ ២០២២ ផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា