សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា» នេះជាការអះអាងរបស់ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត ថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់ឯកឧត្តម នៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំប្រសើរបំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិបទនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ការផ្គត់ផ្គង់កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យោធា ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ គឺជាឧទាហរណ៍ថ្មីបំផុតនៃការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួងការបរទេសកម្ពុជា បានដាក់ចេញក្នុងឆ្នាំ២០២១ ផងដែរ។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ឯកអគ្គរដ្ឋទូត Park Jung-Wook បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលជាផលប្រយោជន៍រួមនៅក្នុងវេទិកាពហុភាគី៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner