អ្នកជំនាញវិស័យដឹកជញ្ជូន៖ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាន់តែប្រសើរ

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ:
អាជ្ញាធរខេត្ដបន្ទាយមានជ័យ បានលើកឡើងថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០ភាគរយ ខណៈដែលអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន រំពឹងថា ក្រោយបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងបើកឱកាសយ៉ាងទូលំទូ លាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ តាមរយៈ ហ្វេសប៊ុកផ្លូវការរបស់លោក បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០ភាគរយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។
លោកបានបញ្ជាក់ថា ៖ «បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន យើងឃើញថា តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ នឹងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់»។
នៅក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក កាលពីពេលថ្មីៗនេះ នាយកគម្រោងស្ទឹងបត់ លោក យិត ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ។
លោកធ្លាប់បានបញ្ជាក់ថា ៖ «តំបន់ប៉ោយប៉ែត ក៏នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ»។

ជាមួយគ្នានេះ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី១៩ ខែកុម្ភៈ ថា ច្រកទ្វារព្រំដែនស្ទឹងបត់នេះ ជាច្រកសំ ខាន់ណាស់ ដែលអ្នកនៅក្នុងវិស័យដឹកជញ្ជូន ត្រូវការជាយូរមកហើយ ព្រោះថា កន្លងទៅទាំងការដឹកជញ្ជូនទំនិញ និងការចេញចូលអ្នកដំណើរ និងអ្នកទេសចរ គឺទៅតាមច្រកតែមួយ(ច្រកអារញ្ញប្រាថេត-ប៉ោយប៉ែត) ដែលធ្វើឱ្យមានចង្អៀតកកស្ទះ។
លោកបានបញ្ជាក់ថា ៖ «នេះជាការរៀបចំយ៉ាងប្រសើរពីសំណាក់អាជ្ញាធរប្រទេសទាំងពីរ ដែលអាចកាត់បន្ថយការកកស្ទះ សម្រាប់ការចរាចរណ៍រថយន្តដឹកទំនិញធំៗ ដោយសារ មានការបែងចែកច្រកចេញចូលទំនិញ និងច្រកអ្នកដំណើរផ្សេងពីគ្នា ចំណេញពេលវេលា»។
លោកបានបន្ថែមថា ខាងវិស័យឯកជន កំពុងទន្ទឹងរងចាំពីការអនុញ្ញាតឱ្យបើកច្រកនេះ ជាបណ្តោះអាសន្នសិនដែរ ព្រោះថា ច្រកទ្វារអន្តរជាតិប៉ោ យប៉ែត មានភាពមមាញឹកខ្លាំងណាស់សព្វថ្ងៃ ហើយបើសិនជា ប្រទេសទាំងពីរអនុញ្ញាតឱ្យមានការបើកពេញលេញទៀត នោះការចរាចរណ៍ទំនិញនឹកកាន់តែយឺតយ៉ាវ។
លោកបានបញ្ជាក់ថា ៖ «ថ្វីត្បិត បច្ចុប្បន្នការដឹកជញ្ជូនទំនិញទៅតាមច្រកប៉ោយប៉ែតនេះ មិនទាន់ចោទ ជាបញ្ហាខ្លាំងមែន តែការបើក ច្រក ស្ទឹងបត់-បាណងអៀន ជា បណ្តោះអាសន្ន នោះនឹងធ្វើឱ្យការដឹកជញ្ចូន កាន់តែប្រសើរឡើង ហើយ សកម្មភាព ដឹកជញ្ជូន នឹង លឿន រហ័ស ជាង មុន ចំណេញពេលវេលា និងជំរុញ ឱ្យការដោះដូរទំនិញរវាងកម្ពុជានិងថៃ កាន់តែ មានកំណើន»។
គួរជម្រាបថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ដែលនឹងត្រូវប ញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣នេះ៕
ដោយ:វណ្ណ សុជាតា

ads banner