គណបក្សកាន់អំណាចថៃប្រកាស បង្វែរសំណូកទៅជាពន្ធ មុនការបោះឆ្នោតមកដល់

ថៃ:
គណបក្សកាន់អំណាចរបស់ប្រទេសថៃ បានដាក់ចេញនូវពាក្យស្លោកមួយថា«យើងនឹងបង្វែរសំណូកទៅជាពន្ធ» នៅក្នុងយុទ្ធនាការទាញយកសន្លឹកឆ្នោតក្នុងការបោះឆ្នោយនៅខែឧសភាខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងសង្គម លោក Chaiwut Thanakamanusorn បាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្ស Palang Pracharath ដែលជាគណបក្សកាន់អំណាចនឹងអំពាវនាវឱ្យមានវិសោធនកម្មច្បាប់ ដើម្បីបង្វែរប្រាក់សំណូកដែលពលរដ្ឋបង់ទៅឱ្យប៉ូលីសទៅជាពន្ធដែលបង់ឱ្យរដ្ឋ។
លោកបន្ថែមថា ការបង្វែរសំណូកទៅជាពន្ធនឹងជាគោលនយោបាយយុទ្ធនាការបោះឆ្នោតដ៏សំខាន់របស់គណបក្ស Palang Pracharth។
លោក Chaiwut បាននិយាយថា គណបក្ស Palang Pracharath ជឿជាក់ថា ការរៀបចំការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាការចាំបាច់ ប៉ុន្តែវិធីមួយទៀតក៏អាចធ្វើវិសោធនកម្មច្បាប់ដើម្បីកាត់បន្ថយអំពើសូកប៉ាន់និងស៊ីសំណូក ហើយបង្កើនពន្ធរដ្ឋក្នុងពេលតែមួយផងដែរ។
លោកបានផ្តល់ឧទាហរណ៍ទូទៅនៃប្រតិបត្តិករហាងផឹកស៊ីពេលយប់ ដែលតែងតែបង់ប្រាក់សំណូកដល់ប៉ូលីស ពន្យាពេលលក់បន្តដល់យប់ជ្រៅ។ក្នុងយុទ្ធសាស្ត្ររបស់គណបក្សលោកគឺធ្វើច្បាប់តម្រូវឱ្យអាជីវករទាំងនោះបង់ពន្ធបន្ថែម បើសិនជាចង់លក់ស្រាដល់យប់ជ្រៅ។
Chaiwut បាននិយាយថា៖« ប្រទេសជាច្រើនផ្សេងទៀតមានច្បាប់សេរី សម្រាប់ការដើរលេងពេលយប់»។

លោក បាន ពន្យល់ ថា ៖ « ប្រសិនបើ សង្គម អាច ទទួល យក បទដ្ឋាន អន្តរជាតិ បាន យើង អាច ធ្វើ វិសោធនកម្ម ច្បាប់ ដើម្បី ឲ្យ ការ សូកប៉ាន់ នឹង ក្លាយ ទៅ ជា ពន្ធ នឹងមិន មាន អំពើ ពុករលួយ » ។

គណបក្សកាន់អំណាចថៃកំពុងញាំញីដោយការរិះគន់បន្ទាប់ពីរកឃើញថាឈ្មួញទុច្ចរិតចិន៣នាក់បានបើកអាជីវកម្មលក់គ្រឿងញៀនក្នុងក្លឹបមួយចំនួននៅប្រទេសថៃ ដោយសារមានមន្ត្រីថៃគ្រាក់ៗនៅពីក្រោយខ្នង។
ប៉ូលិស និងរដ្ឋាភិបាលបានចាប់ផ្តើមបង្ក្រាបជនជាតិចិនទាំងបីនាក់ បន្ទាប់ពីអ្នកឃ្លាំមើលព្រមានពីជំនួញទុច្ចរិតក្នុងក្លឹបរាត្រីក្នុងទីក្រុងបាងកក ជាកន្លែងដែលសំបូរភ្ញៀវទេសចរចិន។
ទោះជាយ៉ាងណាក្ដីលោក Chaiwut បាននិយាយថា៖« គណបក្សកាន់អំណាចមិនអត់ឱនឲ្យមានការជួញដូរមនុស្ស និងគ្រឿងញៀននោះឡើយ»៕
ដោយ:វណ្ណស័ក្ដិ

ads banner