ថ្នាក់ដឹកនាំរដ្ឋាភិបាល ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តចុះពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ:ក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះពិនិត្យ និងផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីតាំងផ្សេងៗគ្នានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបង្ហាញកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណ៤០០នាក់ រស់នៅសង្កាត់ភ្នំពេញ រាជធានីភ្នំពេញ។ នាពិធីនោះឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ការចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ គឺដើម្បីបានដឹងពីសុខទុករបស់ពលរដ្ឋផង និងផ្ដល់ភាពងាយស្រួលដល់គាត់ផង កុំឱ្យចំណាយលុយធ្វើដំណើរមកមន្ទីរពេទ្យ។
ក្រៅពីការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ ក៏បានផ្ដល់រទេះជូនដល់ប្រជាពលរដ្ឋមានពិការភាពចំនួន៥គ្រឿង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ខណៈក្រុមការងារនឹងបបន្ដផ្ដល់រទះបន្ថែមទៀតបើមានតម្រូវការចាំបាច់។ នាឱកាសនោះដែរ
ក៏មានការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ដោយឡែកឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន ក្រុម ការងារ គណបក្ស ប្រជាជន កម្ពុជាចុះ មូលដ្ឋាន ស្រុក ចំការលើ ខេត្ត កំពង់ចាម និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ រួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះទៅដល់ស្រុកចំការលើ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាជននៅមូលដ្ឋានដោយឥតគិតថ្លៃ នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ ។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទ័លក្រទទួលបានសេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃនិងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេងក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ុន ម៉ានិត បញ្ជាក់ថា តាងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកថ្លែងថា៖«នេះបានបង្ហាញកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត ជាពិសេសប្រជាជនដែលជួបការខ្វះខាត ខ្វះលទ្ធភាព និងទីទ័លក្រ»៕

ដោយ: ឡាយ សាមាន

ads banner