គ្រឿងអលង្ការបុរាណខ្មែរ ចំនួន ៧៧ គ្រឿង ដែលបានកាន់កាប់ដោយ គ្រួសារបរទេសជាច្រើនឆ្នាំ បានធ្វើមាតុភូមិនិវត្តន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿង ត្រូវបានគ្រួសារ លោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) ប្រគល់ជូនប្រទេស កម្ពុជាវិញ ដែលពិធីប្រគល់ទទួល បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ និងបានបញ្ជូនមកដល់ប្រទេសកំណើត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ បានឱ្យដឹងថាអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងរាជរដ្ឋាភិបាល កម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។

ក្រសួងបានបន្តថា បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួន ដែលបាន ទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជា បានទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វដ។

ការប្រគល់-ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួម ពីសំណាក់គណៈប្រតិភូកម្ពុជា មានឯកឧត្តម ហ៊ុន ម៉ានី តំណាងរាជរដ្ឋា ភិបាលកម្ពុជា, ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងតំណាង នាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេស និងខម្ម៉ន់វែលនៃចក្រ ភពអង់គ្លេស អង្គភាពសិល្បៈ និងបុរាណវត្ថុនៃស្នងការដ្ឋានគរ បាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ៖ «គ្រឿងអលង្ការបុរាណខ្មែរ នេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ដែលមានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ដែលស្ថិតក្នុង សម័យមុនអង្គរ និងសម័យអង្គរ»។

ក្រសួងបន្តថា វាជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួន ធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បាន ឃើញពីមុនមក។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្ដែង ការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានសុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ដែលសរបញ្ជាក់ពីយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិ កំណើត អស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។
លោកជំទាវបានបញ្ជាក់ទៀតថា ៖ «ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ជាតិទាំងនេះ បានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រា វ ជ្រាវពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌ ទាំងនោះសម្រាប់ ពិភពលោក»។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ ក៏បានលើកទឹកចិត្ត ដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាសា្ថប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំ ការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។
លោកជំទាវមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយ វិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែ បង្ហាញពី ក្រមសីលធម៌ ក្នុងការចូល រួមលើកតម្លៃដល់វប្បធម៌នៃជាតិ សាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គ ឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោក នាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។

តាងនាមគណៈប្រតិភូកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញនូវ មោទន ភាពដែលលោកបានចូលរួមក្នុងការដង្ហែត្រឡប់មកមាតុប្រទេសវិញនូវសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននាពេលនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោកនៅថ្ងៃទី២០ ខែកុម្ភៈថា ៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងគណៈប្រតិភូ មានមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្ម ជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាង ត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ»។
ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មាន តម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពី កត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សាស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។ នេះជាការបន្ថែមរបស់លោក ហ៊ុន ម៉ានី។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ខ្ញុំ និងសហការី សូមអរគុណដល់រាជរដ្ឋាភិបាល ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់ អគ្គរាជទូត កម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុមគ្រួសារ លោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួល ដំណើរការក្នុងការនាំយកមកវិញនូវគ្រឿងអលង្ការទាំង៧៧គ្រឿង។ នេះជាកាយវិការមួយដែលគួរឲ្យកោតសរសើរ ដែលជាគម្រូមួយ ដែលយើងសង្ឃឹមថានឹងមានការចូលរួមពីអ្នកដទៃផ្សេងទៀត»៕

ដោយ៖នាង សុគន្ធា

ads banner