វិភាគ៖ ទស្សនកិច្ចរបស់បៃដិនទៅកាន់ទីក្រុងគៀវ ផ្ញើរសារ យ៉ាងច្បាស់ទៅ រុស្ស៊ី ថាអាមេរិក នៅខាង អ៊ុយក្រែន
(កៀវ) ៖ ថ្ងៃចន្ទ ទី២០ ខណៈដែលការឈ្លានពាន អ៊ុយក្រែនទូទាំងប្រទេស របស់ រុស្ស៊ី ឈានជិតដល់គម្រប់ខួប ១ ឆ្នាំ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ស្រាប់តែលេចមុខ នៅទីក្រុងកៀវ ក្នុងដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបង្ហាញពីការប្ដេជ្ញាចិត្ត គាំទ្រ អ៊ុយក្រែន កាន់តែរឹងមាំ ស្របពេលដែល រុស្ស៊ី បង្កើនការវាយលុកកាន់តែខ្លាំងឡើង នៅតំបន់ភាគខាងកើតដុនបាស ។
ដំណើរទស្សនកិច្ច ស្ងាត់ ៗ បែបនេះ ប្រព្រឹត្តទៅ ដោយគេ ឮ ទាំងសំឡេងស៊ីរ៉ែន ព្រមាន ពីការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី នៅក្នុងទីក្រុងកៀវ ផង ។ នេះបើតាមការចុះផ្សាយ របស់ សារព័ត៌មានផ្សេងៗ ដែលមានភ្ជាប់ ទាំងរូបភាព លោក បៃដិន ដើរទន្ទឹម នឹង ប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី ដូចជា នៅជុំវិញវិហារ វិហារគ្រឹស្ត អូហ្សូដក់ St. Michael’s Golden-Domed ជាដើម ។
ឆ្លៀតក្នុងឱកាសនេះ លោក បៃដិន បានប្រកាសផ្តល់ជំនួយ ថ្មី ចំនួន ៥០០លានដុល្លារ ដោយថ្លែង ថា កញ្ចប់ជំនួយនេះនឹងរួមបញ្ចូល ឧបករណ៍យោធាជាច្រើនទៀត ដូចជា កាំភ្លើងធំ គ្រាប់កាំភ្លើងធំ និង កាំភ្លើង ធំ Howitzers ជាច្រើនទៀត ។ ហើយ លោក ក៏ បានលើកឡើងផងដែរ ថា ទណ្ឌកម្ម ថ្មី នឹងត្រូវដាក់លើក្រុង ម៉ូស្គូ នៅចុងសប្តាហ៍នេះ ។
មិនថា ស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ អ្នកវិភាគ ភូមិសាស្រ្ត នយោបាយ បានមើលឃើញថា វត្តមានរបស់ លោក បៃដិន នៅរដ្ឋធានី អ៊ុយក្រែន ក្នុងស្ថានភាពនេះ គឺជាការផ្ញើសារ យ៉ាងច្បាស់ទៅ រុស្ស៊ីថា អាមេរិក ក៏ ដូចជា សម្ព័ន្ធមិត្ត លោកខាងលិច នៅតែឈរយ៉ាងមាំជាមួយ អ៊ុយក្រែន។
នៅវិមានប្រធានាធិបតី Mariinsky លោក បៃដិន បានប្រកាសបន្ទាប់ពី ជួបជាមួយ លោក ហ្សេលេនស្គី ថា ៖ « មួយឆ្នាំក្រោយមក ក្រុងកៀវ នៅតែដដែល ។ អ៊ុយក្រែន នៅឈរ នឹង ។ ប្រជាធិបតេយ្យ នៅ ឈរ នឹង ។ ជន ជាតិ អាមេរិកាំង នៅឈរជាមួយអ្នក (អ៊ុយក្រែន ) ហើយពិភពលោក ក៏នៅឈរជាមួយ អ្នក »។ នេះបើតាមការស្រង់សម្ដី របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
គួរគូសបញ្ជាក់ថា សហរដ្ឋ អាមេរិក និង ប្រទេស លោកខាងលិច ផ្សេងទៀត បាននឹងកំពុង ប្រញាប់ប្រញាល់ បញ្ជូនអាវុធ រថក្រោះ និង គ្រាប់ រំសេវ បន្ថែម ទៅកាន់ អ៊ុយក្រែន ក្នុងក្តីសង្ឃឹមថា វា នឹងជួយ ផ្លាស់ប្តូរ របត់ នៃ សង្រ្គាម នាពេល បច្ចុប្បន្ននេះ ។ តាមរយៈដំណើរទស្សនកិច្ច ដោយផ្ទាល់ លោក បៃដិន កំពុងផ្តល់ជូននូវរូបភាព ដ៏មានឥទ្ធិពល សម្រាប់ការគាំទ្រ រាប់តែពី សហរដ្ឋ អាមេរិក មួយ ចំពោះ លោក ហ្សេលេនស្គី ដែល ចំណាយ ពេល ១ ឆ្នាំកន្លងមកនេះ ដើម្បីអំពាវនាវ ឱ្យពិភពលោក ឈរពីក្រោយ អ៊ុយក្រែន ហើយផ្ដល់ជំនួយកាន់តែច្រើន មួយកម្រិត ទៀត ។
ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងធ្វើសុន្ទរកថា សម្រាប់គម្រប់ ខួបមួយឆ្នាំ នៃការឈ្លានពាន ដែលវិមានក្រឹមឡាំង ហៅ ថា «ប្រតិបត្តិការ យោធា ពិសេស » ទស្សនកិច្ច របស់ លោក បៃដិន គឺ ជា និមិត្ត រូប ដ៏សំខាន់ សម្រាប់ អ៊ុយក្រែន ។ ថ្លែង ពី ទីក្រុងកៀវ លោក បៃដិន បានប្រកាសយ៉ាង ដូច្នេះថា ៖ « សង្រ្គាម ដណ្តើម ការកាន់កាប់ របស់ ពូទីន កំពុងបរាជ័យ » ។
ក្នុងសម្ដី ដ៏មុះមុត លោក បៃដិន បានថ្លែង ពេលឈរក្បែរ លោក ហ្សេលេនស្គី ថា ៖ « លោក ពូទីនបានគិតថា អ៊ុយក្រែន ខ្សោយ ហើយ លោកខាងលិច បានបែកបាក់ ។ គាត់ គិតថា គាត់មាំ លើសពួកយើង ។ ខ្ញុំ មិនគិតថា គាត់គិត បែបនេះទៀតទេ ឥឡូវនេះ » ។
លោក បៃដិន បាន និយាយ បន្ត ពី លោក ពូទីន ទៀត ថា ៖ « គាត់ គ្រាន់តែយល់ខុស ។ ១ ឆ្នាំក្រោយ មក ភស្តុតាង គឺ នៅទីនេះ នៅក្នុងបន្ទប់នេះ ។ យើងឈរ នៅទីនេះ ជាមួយគ្នា » ។
បន្ថែម ពីលើនេះ លោក បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋ អាមេរិក នៅតែគាំទ្រ អ៊ុយក្រែន ដើម្បីប្រឆាំងនឹង រុស្ស៊ី ទោះបីជាមានអ្វីកើតឡើង ក៏ដោយ ។ លោក បន្តថា ៖ « វា មិនមែនត្រឹមតែ អំពីសេរីភាព ក្នុង ប្រទេស អ៊ុយក្រែន តែមួយមុខនោះទេ វាក៏ អំពី សេរីភាព នៃលទ្ធិ ប្រជាធិបតេយ្យទាំងមូល » ។
ក្រុមអ្នកវិភាគយល់ថា លោក បៃដិន ចង់បញ្ជាក់យ៉ាងច្បាស់ នៅក្នុងពាក្យសម្ដី និង ការសន្យា របស់ លោក រួមទាំងផ្នែកសព្វាវុធ ថ្មី សម្រាប់អ៊ុយក្រែន ថា សហរដ្ឋ អាមេរិក នឹង គាំទ្រ ដល់ ក្រុងកៀវ ដរាបណាក្រុងកៀវ ត្រូវ ការ ជំនួយ ។ នាពេលនេះ សហរដ្ឋ អាមេរិក និង សម្ព័ន្ធមិត្ត ដឹងថា វិមាន ក្រឹមឡាំង ជឿជាក់ថា នេះជាពេលវេលា របស់ខ្លួន ព្រោះ លោកខាងលិច អាចនឹងមានការរំខាន ដោយ អាទិភាពផ្សេងទៀត ឬ បរាជ័យ ក្នុងការផ្ដោត លើការផ្ដល់ជំនួយផ្នែក សព្វាវុធ ដែលចាំបាច់ ដល់ អ៊ុយក្រែន ដើម្បីបន្ត ការប្រយុទ្ធ រំដោះ ទឹកដី របស់ ខ្លួន មកវិញ ។ វត្តមាន របស់ បៃដិន នៅ ក្រុងកៀវ បែបនេះហើយ ដែលជាការ ផ្ញើ សារទៅ រុស្ស៊ី ថា ការជួយ អ៊ុយក្រែន នៅដូច ដើម និង មិនត្រូវបានរំខាន ដោយអទិភាពផ្សេងៗទៀតនោះទេ ។
គួររំឭកថា ដំណើរទស្សនកិច្ច របស់ លោក បៃដិន ទៅអ៊ុយក្រែន ធ្វើឡើងមុនដំណើរ ទស្សនកិច្ច២ថ្ងៃ ទៅ ប៉ូឡូញ របស់ ប្រធានាធិបតី រូបនេះ ។ សេតវិមាន បានឱ្យដឹងថា លោក បៃដិន គ្រោងនឹងទៅ ទីក្រុង វ៉ាសូវី នៅ ថ្ងៃ អង្គារ ដោយ លោក នឹង ជួប ជាមួយលោក ប្រធានាធិបតី Andrzej Duda របស់ ប៉ូឡូញ ដែលជាប្រទេស មួយ ប្រកាន់ជំហររឹងមាំ ក្នុងការគាំទ្រ អ៊ុយក្រែន បំផុត ក្នុងចំណោម ប្រទេស ណាតូ ទាំងអស់ ។
គេមើលឃើញថា ដំណើរទស្សនកិច្ច របស់ លោក បៃដិន ត្រូវបានលាក់ ជាសម្ងាត់ ដែល ជាការឆ្លុះបញ្ចាំង ពីកង្វល់ សន្តិសុខ ដ៏ខ្លាំង ។
ទីប្រឹក្សា សន្តិសុខជាតិ លោក ចេក ស៊ូលីវ៉ាន (Jake Sullivan) បានឱ្យដឹងថា អាមេរិក បានជូនដំណឹង ដល់ទីក្រុង មូស្គូ អំពីដំណើរទស្សនកិច្ច របស់ លោក បៃដិន ភ្លាមៗពេល លោក ហោះចេញ ពី រដ្ឋធានី វ៉ាស៊ីនតោន ដើម្បីជៀសវាង ការយល់ច្រឡំ និងការគណនា ខុស ដ៏គ្រោះថ្នាក់ ដ៏ប្រការណាមួយ ដែលអាចនាំប្រទេស បងធំ ផ្នែកយោធា ទាំង ២ មានជម្លោះដោយផ្ទាល់ ។ ក្នុងករណីនេះ ប្រសិនបើកងទ័ព រុស្ស៊ី ធ្វើការវាយប្រហារលើ លោក បៃដិន នោះប្រៀបបានទៅនឹងការប្រកាស សង្គ្រាមប្រឆាំង សហរដ្ឋ អាមេរិក ។
ទោះបីជាយ៉ាងណា ក៏ដោយ លោក បៃដិន មិនមែន ជាមេដឹកនាំ លោកខាងលិច ដែលធ្វើ ដំណើរទស្សនកិច្ច ទៅក្រុង កៀវ ដំបូងគេ ក្រោយ រុស្ស៊ី ឈ្លានពានចុងខែកុម្ភៈ ឆ្នាំមុន នោះទេ ។ ប្រធានាធិបតី បារាំង លោក អេម៉ាណូអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សុលហ្ស៍ នាយក រដ្ឋ មន្ត្រី កាណាដា លោក ចាស្ទីន ទ្រូដូ និង នាយក រដ្ឋ មន្ត្រី អង់គ្លេស បច្ចុប្បន្ន លោក រីស្ស៊ី ស៊ូណាក់ ក៏ ដូច ជា អតីត នាយក រដ្ឋ មន្ត្រី អង់គ្លេស លោក ប៊ូរីស ចនសុន សុទ្ធតែបានធ្វើទស្សនកិច្ច ទៅអ៊ុយក្រែន ដើម្បីបង្ហាញការ គាំទ្រ របស់ខ្លួន ។
យ៉ាងណាមិញគួរឱ្យកត់សម្គាល់ថា ដំណើរ ទស្សនកិច្ច របស់ លោក បៃដិន ធ្វើឡើង ខណៈ សហរដ្ឋ អាមេរិកមាន ព្រួយបារម្ភកាន់តែខ្លាំងឡើង ពីការគាំទ្រ របស់ ចិន ចំពោះ យោធា រុស្ស៊ី ជាអ្វីដែលក្រុងប៉េកាំង បាន ច្រានចោល យ៉ាងដាច់ អហង្ការ ៕ ហួន ឌីណា