អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

ភ្នំពេញ៖ នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

Advertisement

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ សូមរម្លឹកថា ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា