សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើង នៅកម្ពុជា ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើងនៅកម្ពុជា ឱ្យក្លាយទៅជាផ្លូវរថភ្លើង ល្បឿនលឿនទាំងអស់ ។
សម្តេច ថា រថភ្លើងនៅកម្ពុជាសព្វថ្ងៃនេះ មានល្បឿនតែ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ខណៈ រថភ្លើងល្បឿនលឿនរត់បាន ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលធ្វើឱ្យចំណេញដល់ការដឹកជញ្ជូន។
សម្ដេចតេជោ បានបន្តថា យើងត្រូវតែធ្វើឱ្យផ្លូវរថភ្លើងរបស់យើង ក្លាយទៅជារទះភ្លើងល្បឿនលឿន ទាំងអស់ ។ សម្ដេច ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រទេសនានាចូលរួម ហើយចូលរួមធ្វើ BOT ដោយយើងមិនចង់ខ្ចីប្រាក់គេ ក្នុងទំហំមួយដ៏ធំ ធ្វើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត និងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជំនួសឱ្យផ្លូវដែកចាស់ ៕
ដោយ វណ្ណលុក