អាជ្ញាធរមីនកម្ពុជា ត្រៀមប្រកាសខេត្តកំពត ជាខេត្តអស់មីន នៅខែ មេសា ខាងមុខ
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ត្រៀមប្រកាសខេត្តកំពត ជាខេត្តអស់មីននៅខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោម គម្រោង « សម្តេចតេជោ សម្រាប់សកម្ម ភាពមីន ក្រោម មូលបទ ផ្តល់ ដី សុវត្ថិភាព បង្កើត ស្នាមញញឹម » ដែលគម្រោងនេះនឹងធ្វើឱ្យខេត្តកំពតជាខេត្តអស់មីនទី ១០ ។
អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ នៅសាលាខេត្តកំពត ដើម្បីត្រៀមរៀបចំពិធីអបអរសាទរការប្រកាសខេត្តកំពតអស់មីន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ទេព កល្យាណ និង អភិបាលរងខេត្តកំពត ស៊ីវ ផេង និងមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ និងបណ្តាអង្គភាពពាក់ព័ន្ធនានា។
ទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន កម្ពុជា កាលពីថ្ងៃទី២ មីនា ឆ្នាំ ២០២៣ បានរៀបចំពិធីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តអស់មីនទី ៩ ប៉ុន្តែលោកនៅតែបន្តអំពាវនាវដល់ពលរដ្ឋក្នុងខេត្តនេះមានការប្រុងប្រយ័ត្នដោយសារតែនៅសល់ផ្ទៃដី សង្ស័យ មាន គ្រាប់បែក ចង្កោម និង យុទ្ធ ភណ្ឌ មិនទាន់ ផ្ទុះ ដទៃទៀត ប្រមាណ ជាង ៦,៦ គីឡូម៉ែត្រ ក្រឡា ស្មើនឹង ៥០ ចម្ការ គ្រាប់មីន ទៀត ។
ឯកឧត្តមថ្លែងថា៖ « សមិទ្ធផល នៃ ការងារ បោសសម្អាត មីន នៅ ខេត្តកំពង់ឆ្នាំង នេះ បាន កើតឡើង ចេញពីម្លប់ សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច តេ ជោនាយករដ្ឋមន្ត្រី ហើយ បើ គ្មាន សន្តិភាព ទេ អ្វីៗ ក៏ គ្មាន ដែរ រាប់បញ្ចូល ទាំង ការ ងារ បោសសម្អាត មីន » ។
ទន្ទឹមនឹងនេះ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា អាជ្ញាធរ មីន នឹង បន្ត សហការ ជាមួយ ដៃគូ អភិវឌ្ឍន៍ ប្រតិបត្តិ ករ បោសសម្អាតមីន និងគ្រប់ភាគី ពាក់ព័ន្ធ ប្តេជ្ញាចិត្ត បំពេញ បេសកកម្ម រួមគ្នា សម្រេច ឱ្យបាន នូវ ចក្ខុវិស័យ របស់ ស ម្តេច តេ ជោ ក្នុងការ បញ្ចប់ ការងារបោសសម្អាត មីន ឱ្យអស់ ត្រឹម ឆ្នាំ ២០២៥។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់ នាក់ នាថ្ងៃទី១ ខែមីនា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ត្រូវធ្វើ ការបំផ្លាញ ចោលនូវគ្រាប់មីនឱ្យអស់ នៅត្រឹមឆ្នាំ២០២៥ ដើម្បី ធានាថា ប្រជាជន ទទួលបាន ដីធ្លី ដោយ គ្មាន គ្រោះថ្នាក់ ឬ អ្នក ដែល ចូលចិត្ត ធ្វើដំណើរ កម្សាន្ត ឬ មិនសូវ ស្គាល់ ភូមិសាស្ត្រ ដែល អាចធ្វើឱ្យ គ្រោះថ្នាក់ ជាន់មីន ។
សូមជម្រាបថា ខេត្ត ដែល ត្រូវបានអាជ្ញាធរមីនកម្ពុជា ប្រកាស ជា ខេត្ត អស់ មីនកន្លងមក រួម មាន ខេត្តស្ទឹងត្រែង , កែប , ព្រៃ វែង , ភ្នំពេញ , ព្រះសីហនុ , ត្បូង ឃ្មុំ , កំពង់ចាម , ស្វាយរៀង និង ខេត្តកំពង់ឆ្នាំង ៕
ដោយ:សុខ រក្សា


