ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រទាំងស្រុងចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬហៅថា បទឃុបឃិត ត្រូវរ៉ូវគា្នជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារកំណត់ចំនួន២៧ឆ្នាំ តាមមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ តុលាការបានសម្រេចដាក់ទោសបន្ថែមលើជនជាប់ចោទឈ្មោះ គឹម សុខា ដោយសម្រេចដកសិទ្ធិ បោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត អនុលោមតាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតទាំងអស់ដែលកំពុងបំពេញសកម្មភាពការទូតនៅបរទេស សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ក្ដីផ្ទន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេស ការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពភាពត្រឹមត្រូវ និងភាពយុត្តិធម៌ យ៉ាងពេញលេញស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ក្រោមយុត្តាធិការនៃអំណាចឯករាជ្យ។

តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ ពិតបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្ត ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឲ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្ដែតបណ្ដោយខ្លួនឱ្យ ក្លាយជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែយើងខ្ញុំសូមប្រឆាំងដាច់ខាត ការប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាលេសឬជាឈ្នាន់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស និងបានធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ឈរលើគោលការណ៍ នីតិរដ្ឋ ភាពស្មោះត្រង់ និងសុចរិតភាព ក្នុងការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់អធិបតេយ្យជាតិ។

ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា យើងខ្ញុំទាំងអស់គ្ន ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូត ទាំងអស់ដែលកំពុងបំពេញសកម្មភាពការទូតនៅបរទេស សូមប្ដេជ្ញា និង ប្រកាសការពារដាច់ខាតនូវ សុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕

ads banner