បង្ហាញខ្លួនវេជ្ជបណ្ឌិត៤នាក់ នៅមុខចៅក្រម ពាក់ព័ន្ធការជួញដូរក្រលៀន នៅប្រទេសហ្គាតេម៉ាឡា
ហ្គាតេម៉ាឡា៖ ក្រុមវេជ្ជបណ្ឌិត ចំនួនបួននាក់ នៅប្រទេសហ្គាតេម៉ាឡា ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរសរីរាង្គ ត្រូវបាននាំខ្លួនមកបង្ហាញវត្តមាន នៅចំពោះមុខចៅក្រម កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។

ក្រុមកងកម្លាំងសន្តិសុខនៃប្រទេសហ្គាតេម៉ាឡា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានចាប់ខ្លួនវេជ្ជបណ្ឌិតទាំងបួននាក់ ពីបទជួញដូរសរីរាង្គ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ថា បានដកយកក្រលៀនចេញ ដោយគ្មានការយល់ព្រម តាមរយៈការព្រមព្រៀង ក្នុងអំឡុងពេលវះកាត់។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមវេជ្ជបណ្ឌិតទាំងបួននាក់នេះ ដែលរួមមាន អ្នកជំនាញខាងប្រព័ន្ធទឹកនោម ចំនួន ២នាក់ ព្រមទាំង គ្រូពេទ្យវះកាត់ និងរោគវិទូ ម្នាក់ទៀត ត្រូវបាននាំខ្លួនឲ្យទៅបង្ហាញមុខ នៅចំពោះមុខចៅក្រម នារដ្ឋធានីហ្គាតេម៉ាឡា ដើម្បីទទួលការជូនដំណឹងអំពីមូលហេតុ នៃការឃុំខ្លួនពួកគេ។

វេជ្ជបណ្ឌិតទាំងនោះ មានឈ្មោះថា អេនជែល វ៉ាល់ដេស (Angel Valdez) , ដេននី ឆូខយ (Danny Chocoj) , អ័រឡានដូ រ៉ូដាស់ (Orlando Rodas) និង ឈ្មោះ ម៉ារីយ៉ូ បូឡានណូស (Mario Bolanos) ហើយដែលគេបានឃើញមុខក្នុងតុលាការ ទាំងនេះ ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស។
នៅពេលបញ្ចប់សវនាការ ចៅក្រមបានផ្តល់ការដោះលែងពួកគេ តាមលក្ខខណ្ឌ និង កំណត់សវនាការលើកដំបូង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ហ្គាតេម៉ាឡា គឺជាប្រទេសស្ថិតក្នុងតំបន់អាមេរិកកណ្តាល ដែលមានប្រជាជនជាង១៧លាននាក់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត