ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ក្នុងឱកាសរួមដំណើរ ជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ គឺមានការសាងសង់ ប្រឡាយបេតុងប្រវែង ២៧គីឡូម៉ែត្រ និងប្រឡាយដីសជាង ៦០គីឡូម៉ែត្រ មានបំពាក់ម៉ូទរ័បូមទឹកមុខកាត់ ១,២ម៉ែត្រ ចំនួន ០៧គ្រឿង និងមានសំណង់សិល្បៈការ៍ ១៨៥កន្លែង។
លោក ប្រធានមន្ទីរ បន្តថា គម្រោងខាងលើរួមមាន ប្រឡាយមេ ចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥.៣៧គីឡូម៉ែត្រ។ គម្រោងខាងលើនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាជាង ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែជាង ៨.០០០ហិកតា មាន ៣៥ភូមិ ក្នុងឃុំចំនួន៧ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំ២ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម មានប្រសាសន៍ថា ស្ថានីយ៍បូមទឹក និងប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ សាងសង់ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងរឹងមាំ។ វាជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្ម និងបង្កើនជីវភាពរស់នៅ ក៏ដូចជាគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ដែលភាគច្រើនប្រកបមុខរបរកសិកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា គម្រោងនេះ មិនត្រឹមតែផ្តល់នូវទឹកគ្រប់គ្រន់សម្រាប់ប្រជាកសិករធ្វើស្រែ ចំការនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រដូវកាល។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមការងារសាងសង់ស្ថានីយ៍បូមទឹក និងប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍ ត្រូវធ្វើឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាពរឹងមាំ និងឲ្យបានរួចរាល់តាមការគ្រោងទុក ៕ ប្រភព ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ



