ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) បានកោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រ និងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។

ការកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានធ្វើឡើងនៅក្នុងជំនួប និងសម្តែងការគួរសមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល សភា អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីប្រទេសជាង៦០។

នៅក្នុងឱកាសនៃការចូលរួមវេទិកានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូបានចូលរួមក្នុងពិធីបើកវេទិកាបាគូសកលលើកទី១០ និងជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏ដូចជាជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តី និង លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រមទាំងចូលរួមជាវាគ្មិននៅក្នុងកិច្ចសន្ទនាស្តីអំពី «តួនាទីរបស់ចិនលើកិច្ចការសន្តិសុខ និងការអភិវឌ្ឍសកល»។

នៅក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តម អ៊ីលហាម អាលីយេវ ប្រធានាធិបតី លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំការសួរសុខទុក្ខនិងក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការជូនពរចំពោះជោគជ័យនៃវេទិកាបាគូពិភពលោកលើកទី១០។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតី បានថ្លែងអរគុណ ចំពោះវត្តមានរបស់លោកជំទាវ និងបានផ្ញើក្តីនឹករំលឹក និងសេចក្តីកោតសសើរចំពោះ ភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រនិងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាលអាស៊ែបៃហ្សង់ ភាគីទាំងពីរ បានបង្ហាញពីទស្សនៈវិស័យទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្នុងវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងមនុស្សធម៌ ជាដើម។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ភាគីទាំងពីរបានគូសបញ្ជាក់នូវសមិទ្ធផលជាផ្លែផ្កា ផ្តើមចេញពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ និងទស្សនកិច្ចរបស់លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា ក្នុងឱកាសមហាសន្និបាតអន្តសភាអាស៊ានលើកទី៤៣ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ព្រមទាំងជំនួបជាមួយនឹង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងការចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់។ ភាគីទាំងពីរបាន បញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏សូមអបអរសាទរចំពោះសមិទ្ធិផលដ៏ត្រចះត្រចង់ចំពោះការដឹកនាំរបស់រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងការបង្កើតបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement – Parliamentary Network, NAM-PN) និងសូមអបអរសាទរចំពោះជោគជ័យនេះការរៀបចំកិច្ចប្រជុំ NAM-PN កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលសភាកម្ពុជា ក៏បានបញ្ជូនតំណាងជាសមាជិករដ្ឋសភា ២រូប និងសមាជិកព្រឹទ្ធសភា ៣រូប ចូលរួមក្នុងចលនានេះផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី «តួនាទីរបស់ចិនលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល»។ នៅក្នុងកិច្ចពិភាក្សា លោកជំទាវ បានគូសបញ្ជាក់ថា ប្រធានបទខាងលើពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ក្នុងខណៈដែលពិភពលោក កំពុងស្ថិតក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកពិភពលោកពហុប៉ូល។ លោកជំទាវ ក៏បានលើកឡើងថា ប្រទេសចិនមានជំហរយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់ពហុភាគីនិយមមួយដែលពិតប្រាកដ ប្រកបដោយភាពបើកចំហ និងបរិយាបន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងការកសាងសហគមន៍ជោគវាសនារួម គឺជាគម្រូមួយនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋធំ និងរដ្ឋតូច ដោយឈរលើការគោរពអធិបតេយ្យភាព និងឯករាជ្យភាពគ្នាទៅវិញទៅមក។

លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានចូលរួម ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទសំខាន់ៗ រួមមាន ១) ការកសាងភាពធន់នៅពេលពិភពលោក ដែលកំពុងបែកបាក់ ២) យុគសម័យនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ៣) ការបង្កើតឡើងវិញនូវពហុភាពនិយម ៤) ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ និងកិច្ចពិភាក្សាផ្សេងៗទៀត។

ទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ បានចូលរួមចំណែកពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ហើយថែមទាំងចែករំលែកនូវបទពិសោធន៍នៃការកសាងសន្តិភាព លិទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់កម្ពុជាក្នុងការការពារនិងពង្រឹងពហុភាគីនិយម ជាពិសេស ការកសាងមិត្តភាពជាមួយនឹងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្ដាល និងអឺរ៉ុប ផងដែរ៕
ដោយ៖ពលជ័យ

ads banner