រដ្ឋមន្រ្តីក្រសួងសាធារណការជំរុញស្ថាប័នជំនាញត្រូវបង្រៀននិស្សិតសិក្សាផ្នែកសារធារណការ និងដឹកជញ្ជូនឱ្យមានសមត្ថភាពខ្ពស់
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅស្ថាប័នជំនាញត្រូវបង្ហាត់សិស្សសារធារណការឱ្យមានសមត្ថភាពខ្ពស់ ។ការលើកឡើងនេះបានធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមវត្តមានថ្នាក់ដឹកនាំ និងសិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សារធារណការ និងដឹកជញ្ជូនជាង៤០០នាក់នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការក៏បានស្នើឱ្យសាស្រ្តាចារ្យខិតខំពង្រឹងសមត្ថភាពសិស្សសារធារណការឱ្យអស់លទ្ធភាព ក្នុងការកសាងសមត្ថភាព និស្សិតឱ្យក្លាយទៅជាធនធានមនុស្សប្រកបដោយ គុណភាព និងសក្ដានុពលខ្ពស់ជាធនធានមួយដ៏ខ្លាំងពូកែ ដែលនឹងប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្ដរជាតិនាពេលអនាគត។
ឯកឧត្តមបន្តថា៖« ខ្ញុំសូមឱ្យសាស្រ្តាចារ្យខិតខំបង្រៀនកូនសិស្សឱ្យអស់ពីសមត្ថភាព។ បើចេះ១០ ត្រូវបង្រៀន១០ ។មិនមែនចេះ១០ ហើយបង្រៀនតែ១ទេ ។អ៊ីចឹងសូមគិតគូរឱ្យមែនទែន ដើម្បីក្លាយជាអ្នកបន្តវេន ហើយខ្ញុំក៏នឹងខំស្វែងរកសាស្រ្តាចារ្យបន្ថែម ដើម្បីមកបង្រៀននៅវិទ្យាស្ថាននេះឱ្យកាន់តែច្រើនថែមទៀត ដើម្បីផ្ទេរចំណេះដល់សិស្សនិស្សិតឱ្យចំណេះជំនាញទូលំទូលាយនិងអត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ»។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្ត ឱ្យនិស្សិតខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសត្រូវមានគោលដៅពិតប្រាកដ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិផងដែរ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរបស់កម្ពុជា កំពុងត្រូវការធនធានមនុស្សជាច្រើន។
រដ្ឋមន្ដ្រីក្រសួងសាធារណការបានបញ្ជាក់បន្ថែមថា៖« វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្ម និងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាព ហេតុនេះយើងត្រូវការ ធនធានមនុស្ស ចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម ដោយមិនចេះតែពឹងបរទេសរហូតទេ»។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បង្កើតទស្សនកិច្ចសិក្សាទៅបរទេសដល់សិស្សនិស្សិត ដើម្បីពង្រីកសមត្ថភាពសិស្ស និងរៀនសូត្របានបទពិសោធន៍នានាពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្ដេជ្ញាកសាងធនធានមនុស្ស ប្រកបដោយ ជំនាញច្បាស់លាស់ ទាំងចំណេះដឹង និងបានសំណូមពរឱ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយវិទ្យាស្ថាន ក្នុងការផ្ទេរពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងការអប់រំអត្តចរិត និងចរិយាសម្បត្តិ ដល់និស្សិតឱ្យល្អប្រសើរ និងប្រកបដោយគុណភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលកំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញចំនួនប្រាំមួយ រួមមាន៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
បច្ចុប្បន្នវិទ្យាស្ថាននេះ មានថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីចុះកិច្ចសន្យាសរុប៦៦នាក់ និងមាននាយកដ្ឋានចំណុះចំនួនបី គឺនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹត្យការ និងនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍។ សម្រាប់ឆ្នាំ២០២២-២០២៣ វិទ្យាស្ថានមានសាស្រ្តាចារ្យសរុប៧២នាក់ ក្នុងនោះមានសាស្រ្តាចារ្យមានសញ្ញាប័ត្រថ្នាក់បណ្ឌិតចំនួន ១៤នាក់ និងសាស្រ្តាចារ្យមានសញ្ញាប័ត្រអនុបណ្ឌិតចំនួន ៥៨ នាក់។ ការសិក្សាររបស់វិទ្យាស្ថាននេះ គឺសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយចែកជាពីរវេន គឺវេនព្រឹក និងវេនរសៀល។ បច្ចុប្បន្នវិទ្យាស្ថាននេះ បាន និងកំពុងបណ្តុះបណ្តាលសិស្សនិស្សិតចំនួន៣ជំនាន់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហឿន សំនៀង ៕ ដោយ៖ សែម ពិសី