ប្រមុខការពារជាតិកម្ពុជា៖ ការផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅស្រុក គឺជាការញុះញង់ មួលបង្កាច់ បំភិតបំភ័យ ដើម្បីកុំឱ្យកម្ពុជាមានសុខសន្តិភាព
ភ្នំពេញ៖ ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានហៅការផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅប្រទេសមួយចំនួនតូច គឺជាការញុះញង់ មួលបង្កាច់ បំភិតបំភ័យ ដើម្បីកុំឱ្យកម្ពុជាបានសុខសន្តិភាព កុំឱ្យមានការរីកចម្រើន ហើយរកវិធីគ្រប់សព្វបែបយ៉ាងដើម្បីបំផ្លាញកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ធាតុពិតជាក់ស្តែងប្រជាពលរដ្ឋកម្ពុជាបានដឹង និងបានស្គាល់មុខមាត់ដ៏អាក្រក់របស់ពួកគេរួចជាស្រេចទៅហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា សម្តេចមិនចាប់អារម្មណ៍ចំពោះការផ្សាយព័ត៌មានមិនពិត ញុះញង់ មួលបង្កាច់របស់សារព័ត៌មានមួយចំនួននៅក្រៅស្រុកនោះទេ។ សារព័ត៌មាននៅក្រៅស្រុកទាំងនោះតែងតែធ្វើជាបន្តបន្ទាប់មិនថាកាលពីពេលថ្មីៗនេះទេ គឺធ្វើតាំងពីយូរមកហើយ គ្មានបានការទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “វាតែងតែបំភិតបំភ័យ មួលបង្កាច់ ញុះញង់ ធ្វើម៉េចកុំឲ្យយើងមានសុខស្រួល កុំឱ្យមានការការរីកចម្រើន វាចេះតែរកវិធី វាចេះតែរកគ្រប់វិធីទាំងអស់ដើម្បីបំផ្លាញរារាំងកុំឱ្យមានការអភិវឌ្ឍនព្រះរាជាណាចក្រកម្ពុជារបស់យើង គឺវាតែងតែធ្វើរបៀបនឹងជាបន្តបន្ទាប់។ ធាតុពិតជាក់ស្តែងប្រជាជាតិយើង ប្រជាជនយើងបានដឹងបានស្គាល់មុខមាត់ដ៏អាក្រក់របស់វារួចជាស្រេចទៅហើយ”។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនាបានសរសេរថា “សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា “។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ពលជ័យ