ទូតថ្មីរបស់អូស្ត្រាលី ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នាឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលី បន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុង ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០» ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុង ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ឯកឧត្តម ប្រាក់ សុខុន បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ និងបានរំលឹកដោយសេចក្ដីអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ សួង ពិសិដ្ឋ