អូទ្រីស៖ ក្រុងវីយែនពង្រឹងសន្តិសុខ ដោយព្រមានពីការវាយប្រហារភេរវកម្មអ៊ិស្លាមជ្រុលនិយម
វីយែន៖ប៉ូលិសក្រុងវីយែននៃប្រទេសអូទ្រីស កាលពីថ្ងៃពុធបានបង្កើនការល្បាតប្រដាប់អាវុធនៅតាមទីតាំងរសើបៗក្នុងរដ្ឋធានីនេះ រួមទាំងព្រះវិហារសាសនានានា បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុកបានទទួលព័ត៌មានដែលបង្ហាញថា ក្រុមភេរវកម្មអ៊ិស្លាមជ្រុលនិយមកំពុងរៀបចំផែនការវាយប្រហារ។
ប៉ូលិសក្រុងវីយែនបានបញ្ចេញសេចក្ដីប្រកាសនៅលើបណ្ដាញសង្គមធ្វីតទ័រថា សេវាស៊ើបការណ៍សម្ងាត់អូទ្រីសមានហេតុផលក្នុងការជឿថា ក្រុមអ៊ិស្លាមជ្រុលនិយមកំពុងរៀបចំផែនការវាយប្រហារក្រុងវីយែន។
ប៉ូលិសបន្តថា ៖ «ជាវិធានការប្រុងប្រយ័ត្ន កន្លែងរសើបៗត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការយាមល្បាតដោយកងកម្លាំងនគរបាលប្រតិបត្តិការប្រចាំ និងកងកម្លាំងនគរបាលពិសេស ហើយថាគេមិនទាន់ដឹងថាវិធានការនេះមានរយៈពេលប៉ុន្មាននៅឡើយទេ»។
ជាងបីម៉ោងក្រោយការជូនដំណឹងដល់សាធារណជនចំពោះការគំរាមកំហែងដែលអាចកើតមាននេះ ប៉ូលិសបានផ្ញើការធ្វើបច្ចុប្បន្នភាពមួយទៀត ដោយបញ្ជាក់ថា សេចក្តីយោងដំបូងចំពោះហានិភ័យនៃការវាយប្រហារលើព្រះវិហារសាសនាអាចកើតមាន មិនត្រឹមតែលើព្រះវិហារគ្រីស្តសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានលើកន្លែងគោរពបូជារបស់សាសនាផ្សេងៗ និងអគារផ្សេងទៀតផងដែរ។
គេមើលឃើញថា ការបង្កើនការពង្រឹងសន្តិសុខបែបនេះជាវិធានការដ៏កម្រមួយសម្រាប់អូទ្រីស ខណៈវីយែនគឺជាទីក្រុងមួយក្នុងចំណោមរដ្ឋធានីដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ហើយការវាយប្រហារដោយសកម្មប្រយុទ្ធជ្រុលនិយមកម្រកើតមានណាស់។
ទោះយ៉ាងណា ការវាយប្រហារដ៏សាហាវចុងក្រោយមួយ បានកើតឡើងក្នុងឆ្នាំ ២០២០ ពេលខ្មាន់កាំភ្លើងក្រុមជីហាដម្នាក់ បានបើកការបាញ់ប្រហារដោយសម្លាប់មនុស្សបួននាក់ មុនពេលប៉ូលិសបាញ់ខ្មាន់កាំភ្លើងរូបនោះឱ្យស្លាប់៕
ប្រែសម្រួល៖ហួន ឌីណា